(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ គ្រោងនឹងប្រកាសដាក់ចេញបទបញ្ជាថ្មីមួយពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ជំនាន់ថ្មី នៅចំពោះមុខការកើនឡើងនៃតម្លៃថាមពលនៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។

បើតាម Nikkei លោក គីស៊ីដា ត្រូវបានគេរំពឹងថានឹងប្រកាសពីផែនការថ្មីខាងលើ នៅក្នុងសន្និសីទ Green Transformation (GX) ដែលនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃពុធសប្ដាហ៍នេះ។

គួរបញ្ជាក់ថា ប្រជាជនជប៉ុនភាគច្រើន បានសម្ដែងការប្រឆាំងជំទាស់ទៅនឹងការបើកដំណើរការឡើងវិញ ឬសាងសង់រោងចក្រនុយក្លេអ៊ែរថ្មី អស់រយៈពេលជាច្រើន ឆ្នាំមកហើយ បន្ទាប់ពីមានមហន្តរាយនុយក្លេអ៊ែរ Fukushima។ ប៉ុន្តែ បច្ចុប្បន្ន គំនិតជំទាស់នេះមានការថយចុះ ដោយសារតែតម្លៃថាមពល ជាពិសេសប្រេងឥន្ធនៈ កំពុងឡើងថ្លៃ៕