(អាស៊ី)៖ ភាពបារម្ភក្រោយការឃើញការបញ្ចេញសាច់ដុំយក្សរបស់ប្រទេសចិន តាមរយៈការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ក្រោយដំណើររបស់ ប្រធានសភាអាមេរិក លោកស្រី ណានស៊ីប៉េឡូស៊ី បានធ្វើឱ្យប្រទេសមួយចំនួនអាចមានលេសរួមគ្នាដើម្បីត្រៀមការពារខ្លួន។

ខណៈដែលសហរដ្ឋអាមេរិក និងតៃវ៉ាន់បានធ្វើកិច្ចសន្យាបច្ចេកទេសមីស៊ីលរវាងគ្នាសាជាថ្មី ដើម្បីបង្កើនសមត្ថភាពប្រព័ន្ធមីស៊ីល Patriot ដែលដាក់ពង្រាយជុំវិញកោះតៃវ៉ាន់ប្រឆាំងនឹង ប្រទេសចិន, កូរេខាងត្បូងនិងប្រទេសជប៉ុន ក៏បានត្រៀមលក្ខណៈបង្កើនសមត្ថភាពយោធា ដើម្បីការត្រៀមទប់ទល់នឹងប្រទេសចិនផងដែរ។

កំសួលកម្តៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានកើនឡើងកាន់តែខ្ពស់បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណាន ស៊ីប៉េឡូស៊ីនាដើម ខែសីហា ឆ្នាំ២០២២ ទៅកាន់កោះតៃវ៉ាន់ ដែលដំណើរទស្សនកិច្ចនោះ ប្រៀបដូចជាការចាក់ពន្យុះសាធារណរដ្ឋប្រជាមានិតចិនឱ្យមានការខឹងច្រឡោត។ ខណៈដែលកងកម្លាំងរំដោះប្រជាជនចិន បានបន្តការធ្វើសមយុទ្ធយោធាលើតំបន់ដែនទឹកសមុទ្ទនិងនៅក្បែរកោះតៃវ៉ាន់, កូរេខាងត្បូង, និងជប៉ុន ក៏បានត្រៀមបង្កើនសមត្ថភាពយោធារបស់ខ្លួនដើម្បីការត្រៀមទប់ទល់ជាមួយនឹងប្រទេសចិន។ កូរេខាងត្បួង និងជប៉ុនគឺជាប្រទេសដែលមាន ឥទ្ធិពលខ្លាំងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជាប្រទេសនៃសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកថែមទៀត។

កូរ៉េខាងត្បូងកាលពីថ្ងៃទី២២ សីហា ឆ្នាំ២០២២ បានចាប់ផ្តើមធ្វើសមយុទ្ធយោធាដ៏ធំមួយជាមួយ នឹងកងកម្លាំងសហរដ្ឋអាមេរិក។ សមយុទ្ធនោះត្រូវបានគេដាក់ ឈ្មោះថា «The Ulchi Freedom Shield» ដែលជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតហើយដែលទើបនឹងមានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ គួរបញ្ជាក់ថា សមយុទ្ធទ្រង់ទ្រាយធំដូចគ្នានេះ ធ្លាប់បានធ្វើរួមគ្នាម្តងដែរ កាលពីឆ្នាំ២០១៧, ហើយការធ្វើសាជាថ្មីម្តងទៀតនេះ ត្រូវបានគេចាត់ទុកថាដោយសារតែមាន ការគំរាមកំហែងពីសាធារណរដ្ឋប្រជាមានិតចិន។

សមយុទ្ធ The Ulchi Freedom Shield នឹងមានរយៈពេលវែងរហូតដល់ថ្ងៃទី១ កញ្ញា ទើបគ្រោងបញ្ចប់។ សមយុទ្ធនេះនឹងរួមមានការរៀបចំទីបញ្ជាការដ្ឋានបញ្ជា តាមប្រព័ន្ធ computer, ការហ្វឹកហ្វឺនលើទីលាន និងលំហាត់ការពារស៊ីវិល ដែលមានការសម្តែងហាក់ដូចជាមានការវាយលុកណាមួយពីកូរេខាងជើង, របៀបបច្ចេកទេសទប់ទល់ការវាយប្រហារតបត, របៀបការពារលើតំបន់ទីប្រជុំជន និងបច្ចេកទេសវាយប្រហារសម្រុកតបតដាក់លើសត្រូវ។

ប្រធានាធិបតីកូរេខាងត្បូងលោកយូនស៊ុកយុល Yoon Suk-yeol បានថ្លែងថា ការរៀបចំសម យុទ្ធនេះគឺជាការរៀបចំត្រៀមទុកជាមុន៖ «លោក យូនស៊ុកយុល បានថ្លែងថា សង្គ្រាមនាបច្ចុប្បន្ននេះមានការខុសគ្នាខ្លាំងណាស់ នឹងសង្គ្រាមនាជំនាន់មុន។ សង្គ្រាមនាបច្ចុប្បន្នគឺសត្រូវនឹងរៀបចំធ្វើការវាយប្រហាររបៀប Cyber Attacks ដាក់មកលើគោលដៅព័ត៌មាន និងប្រព័ន្ធទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធជាតិ និងធ្វើការវាយប្រហារលើមូលដ្ឋានឧស្សាហកម្មគន្លឹះដូចជាកំពង់ផែ, ព្រលានយន្តហោះ, រោងចក្រ ឋាមពលនុយក្លេអ៊ែ័រ, មជ្ឈមណ្ឌលឧស្សាហកម្មបច្ចេវិទ្យាជាន់ខ្ពស់ ដែលរួមមានក្រុមហ៊ុនផលិត Semiconductors និងលើកន្លែងខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារៈមិនទាន់ច្នៃ ដើម្បីបង្អាក់សមត្ថភាព របស់កូរេខាងត្បូងមិនអាចធ្វើសង្គ្រាមបាន»

លោក យូន ស៊ុកយុល បានថ្លែងបន្តថាលំហាត់សមយុទ្ធ នេះ គឺជាចំណុចចាប់ផ្តើមសម្រាប់រដ្ឋាភិបាលកូរេដើម្បីការរៀបចំសាជាថ្មីនូវការ ត្រៀមសម្រាប់ភាពអាសន្នរបស់ខ្លួនក្នុងពេលណាមួយដែលសង្គ្រាមអាចនឹងកើតឡើង។

ការធ្វើសមយុទ្ធយោធានេះ បានទន្ទឹមនឹងក្តីព្រួយបារម្ភរបស់កូរេខាងត្បូងចំពោះកូរេខាងជើង ដែលតែងតែធ្វើការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនមិនចេះចប់មិនចេះ ហើយ។ ការធ្វើសមយុទ្ធរួមជាមួយនឹងសហរដ្ឋអាមេរិកនេះ ក៏ជាការត្រៀមប្រុងប្រយ័ត្នចំពោះប្រទេសចិនផងទៀត ដែលប្រទេសជាសម្ព័ន្ធមិត្តនឹងអាមេរិកនេះ បានចាត់ទុកចិនជាប្រទេសគម្រាមក្នុងតំបន់។ លោក យូន ស៊ុកយុល Yoon Suk-yeol ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត, លោកបានសន្យាថានឹងទិញ ប្រព័ន្ធមីស៊ីលការពារអាមេរិក THAAD Terminal High Altitude Area Defense ឬអាវុធមីស៊ីល S-400។ ប្រព័ន្ធអាវុធ THAAD នេះ បានដាក់ពង្រាយដំបូងក្នុងកូរេ ខាងត្បូងក្នុងឆ្នាំ២០១៧ និងមិនមានការបញ្ជាក់ថាតើកូរេខាងត្បូង មានប្រព័ន្ធអាវុធនេះប៉ុន្មានគ្រឿងនោះឡើយ, ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញថា លោកប្រធានាធិបតី យូន ស៊ុកយុល ចង់ទិញប្រព័ន្ធមីស៊ីលនេះបន្ថែមទៀតពីសហរដ្ឋអាមេរិក។

ប៉ុន្តែការប្រ់ប្រាស់ប្រព័ន្ធអាវុធ THAAD នេះមិនបានធ្វើឱ្យប្រទេសចិនបានរីករាយនោះទេ។ សេចក្តីរាយការណ៍បង្ហាញថា ថ្មីៗនេះរដ្ឋមន្ត្រីការបរទេសចិន និងរដ្ឋមន្ត្រីការបរទេសកូរេខាងត្បូង បានជួបគ្នា និងចិនបាន បញ្ជាក់នូវសារច្បាស់លាស់របស់ខ្លួនទៅកាន់កូរេខាងត្បូងគឺសូមកុំឱ្យទិញមីស៊ីល THAAD៖

«មន្ត្រីនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ក្នុងអម្លុងពេលដែលមានការជួបពិភាក្សាគ្នា នោះរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២បានធ្វើការផ្លាស់ប្តូរ ទស្សនៈស៊ីជម្រៅរវាងគ្នានិងគ្នា ទៅវិញទៅមកលើប្រព័ន្ធមីស៊ីល THAAD។ ភាគីទាំង២ធ្វើការបញ្ជាក់ច្បាស់នូវគោលជំហរ រវាងគ្នាទៅវិញទៅមក និងការលើកកម្ពស់ ការយល់ដឹងរវាងគ្នាផងដែរ»។ មន្ត្រីនាំពាក្យលោកវ៉ាងវិនប៊ិនបាន ថ្លែងថាភាគីទាំង២បានយល់ព្រមភ្ជាប់សារៈសំខាន់ចំពោះ កង្វល់ស្របច្បាប់ទៅវិញទៅមក និង ការបន្តអនុវត្តនិងគ្រប់គ្រងបញ្ហាដោយប្រុងប្រយ័ត្នដើម្បី ការពារកុំឱ្យវាក្លាយជាឧបសគ្គដែល ប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងសុខ ភាពល្អនៃទំនាក់ទំនងទ្វេភាគី។

ប្រទេសចិនបានថ្លែងថាការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD ក្នុងកូរេខាងត្បូង នឹងបំផ្លាញ ផលប្រយោជន៍សន្តិសុខរបស់ចិន។ សម្តីបញ្ជាក់របស់ប្រទេសចិន គឺទន្ទឹមនឹងមានសេចក្តីរាយ ការណ៍សង្ស័យថាមីស៊ីលTHAAD របស់អាមេរិក អាចមានគោលដៅដាក់លើទីលំហ អាកាស របស់ចិនដែលក្រុងប៉េកាំងចង់ឱ្យ កូរេខាងត្បូងត្រូវមានព្រំដែនកំណត់នៃការប្រើប្រាស់មីស៊ីល THAAD របស់អាមេរិក។ ប្រទេសចិនចង់បង្ហាញកូរេខាងត្បូងថាការដាក់ពង្រាយមីស៊ីល THAAD ដែលគ្មានការកំណត់ បានបំពានលើដែនអធិបតេយ្យភាពប្រទេសជិត ខាងផង, បង្ហាញពីឥរិបថឈ្លានពាន, បង្ហាញនូវភាពគំរាមកំហែង និងចិនចង់ឱ្យកូរេខាងត្បូង ត្រូវគោរព នូវកង្វល់របស់ប្រទេសជិតខាងរបស់ខ្លួន។

ប៉ុន្តែ សេចក្តីរាយការណ៍បង្ហាញថាកូរេខាងត្បូងទំនងនឹងមិនគោរពតាមការចង់បានរបស់ចិន នោះឡើយ ដោយសារតែបារម្ភនឹងឥរិយាបថថ្មីៗចុងក្រោយរបស់ចិន ដែលផ្ទុះកំហឹងចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រីណានស៊ីប៉េឡូស៊ីនោះមក។ ខណៈដែលកូរេខាងត្បូងមិនយល់ព្រមចំពោះអ្វីដែល ចិនចង់បាននេះ, ប្រទេសជប៉ុន ក៏កាន់តែមិនយល់ព្រមថែមទៀត។ ប្រទេសជប៉ុននាពេលនេះ ក៏កំពុងពិចារណាការដាក់ពង្រាយមីស៊ីល Cruise បាញ់រយៈចម្ងាយ ឆ្ងាយចំនួន១ពាន់ ដើម ដើម្បីជម្រុញសមត្ថភាពប្រយុទ្ធប្រឆាំងនឹងប្រទេសចិនដែលជា ការត្រៀមលក្ខណៈទុកជាមុនផងដែរក្រោយសភាពការណ៍ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានលក្ខណៈកាន់តែតានតឹងនោះ។

កាសែតជប៉ុន បានរាយការណ៍ថា អាវុធមីស៊ីលទាំងឡាយដែលគេអាចបាញ់តាមយន្តហោះចម្បាំងឬតាមកប៉ាល់ចម្បាំង នោះនឹងត្រូវគេដាក់ពង្រាយនៅ ព័ទ្ធជុំវិញកោះណាន សេ Nansei ដែលអាចមានសមត្ថភាពបាញ់ឆ្ងាយដល់តំបន់ឆ្នេរសមុទ្ទរបស់កូរេខាងជើងនិងប្រទេសចិន។ ប្រជុំកោះ Nansei គឺជាប្រជុំកោះនៃតំបន់ព្រំដែនទឹករវាងសមុទ្រចិនខាងកើត និងសមុទ្ទរបស់ហ្វីលីពីន។

មីស៊ីល Cruise ទាំងប្រមាណ១ពាន់ដើមនោះ គឺជាមីស៊ីលដែលអាចបាញ់ក្នុងចម្ងាយត្រឹមតែ ១០០គីឡូម៉ែត្រ ប៉ុន្តែជប៉ុនចង់បង្កើនសមត្ថភាពមីស៊ីលទាំងនោះ ដើម្បីអាចបាញ់ឆ្ងាយដល់ មួយពាន់គីឡូម៉ែត្រ។ សេចក្តីរាយការណ៍បានឱ្យដឹងថាតាមពិតជប៉ុនមានមីស៊ីលទាំងនេះ រក្សា ទុកក្នុងឃ្លាំងរបស់ខ្លួនទៅហើយ, ដូច្នេះជប៉ុននឹងមិនទិញមីស៊ីលថ្មីណាទៀតនោះទេ ដោយមី ស៊ីលទាំងនេះ, ជប៉ុននឹងរក្សាដើម្បីការត្រៀមទប់ទល់ជាមួយចិននិងកូរេខាងជើង។ ជាមួយនឹង អាវុធមីស៊ីលដែលចង់ដាក់ពង្រាយព័ទ្ធជុំវិញកោះណាន សេ Nansei នោះ គឺជប៉ុនអាចបាញ់ ដល់តំបន់ឆ្នេរសមុទ្ទរបស់កូរេខាងជើង និងដល់ឆ្នេរសមុទ្ទប្រទេសចិនផងដែរ។

ក្រុមអ្នកវិភាគតាមដានស្ថានការណ៍វិវត្តន៍ បានថ្លែងថាការផ្ទុះកំហឹងរបស់ចិនតាម រយៈការ ធ្វើសមយុទ្ធយោធាកន្លងមកនេះ នឹងអាចនាំឱ្យប្រទេសជាសត្រូវរបស់ចិន មានលេសនិង លទ្ធភាពគៀរគរកម្លាំងដើម្បីប្រឆាំងនឹងប្រទេសចិនវិញ។ ឧទាហរណ៍ស្រដៀងគ្នានេះ បាន កើតរួចមកហើយនៅអឺរ៉ុបខាងកើត។ ប្រទេសរុស្ស៊ីដែលបារម្ភខ្លាចក្រែងឥទ្ធិពលរបស់អង្គការ ណាតូកាន់តែរំកិលកៀកទៅដល់ព្រំដែនរបស់ខ្លួន, បានប្រញាប់ធ្វើសង្គ្រាមមួយដើម្បីគាំទ្រ ទឹកដីនៃសាធារណរដ្ឋប្រជាមានិត២នៃភាគខាងកើតប្រទេសអ៊ុយក្រែន។ រុស្ស៊ីចង់ផ្តាច់តំបន់ លូហានស៍និងដូណេតស៍ចេញពីការគ្រប់គ្រងរបស់ រដ្ឋាភិបាលក្រុងគៀវ។

ប៉ុន្តែការធ្វើសង្គ្រាមរបស់រុស្ស៊ីនោះ បែរជាជម្រុញឱ្យប្រទេសដែលព្យាយាមរក្សា ភាពអព្យាក្រិត ច្រើនឆ្នាំដូចជាប្រទេសហ្វាំងឡង់និងស៊ុយអែត បានបារម្ភនឹងរុស្ស៊ីទៅវិញ។ ប្រទេសទាំង២ បាន នាំគ្នាដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូ។ ការបារម្ភនឹងរុស្ស៊ីនិងចង់ស្នើចូល ជាសមាជិកអង្គការណាតូបន្ថែមទៀតនោះ នៅមានប្រទេសបូស្នៀ Bosnia and Herzegovina, ប្រទេសហ្សកហ្ស៊ី Georgia និងប្រទេសអ៊ុយក្រែននោះថែមទៀត ដែលចង់ចូលជាសមា ជិករ បស់អង្គការណាតូនាពេលនេះ។

តើមេរៀននេះ នឹងអាចឆ្លងចូលមកក្នុងតំបន់ឥណ្ឌូប៉ាស៊ី ហ្វិកវិញដែរឬទេ ខណៈដែលកំហឹង របស់ប្រទេសចិនដើម្បីការពារដែនអធិបតេយ្យភាពជាតិ របស់ខ្លួនត្រូវបានគេបកស្រាយថា ជាការគំរាមដល់ប្រទេសតូច និងបានធ្វើឱ្យប្រទេសមួយចំនួនបង្ហាញក្តីបារម្ភទៅវិញនោះ? ហើយតើនឹងអាចមានក្រុមបក្ខសម្ព័ន្ធណាតូនៅឥណ្ឌូប៉ាស៊ីហ្វិកដែរឬទេ?៕