(គូឡាឡាំពួ)៖ នៅថ្ងៃអង្គារនេះ តុលាការកំពូលនៃប្រទេសម៉ាឡេស៉ី បានបង្គាប់ឱ្យអតីតនាយករដ្ឋមន្រ្តី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ចាប់ផ្តើមអនុវត្តសាលក្រមជាប់ពន្ធនាគារ រយៈពេល១២ឆ្នាំរបស់ខ្លួន ក្រោយពីតុលាការបានរក្សាទុកការសម្រេចពីមុនមក ឱ្យនៅដដែល សម្រាប់ការចោទប្រកាន់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ SRC International ដែលជាអតីតបុត្រសម្ព័ន្ធមួយ នៃក្រុមហ៊ុនរដ្ឋ 1MDB។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។

តុលាការកំពូលម៉ាឡេស៉ី ទើបតែបានទាត់ចោលការប្តឹងឧទ្ធរណ៍របស់លោក ណាជីប ដែលសំដៅជំទាស់នឹង ការផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេ១២ឆ្នាំ និងការពិន័យជាប្រាក់ជិត៤៧លានដុល្លារ ជុំវិញបទចោទប្រកាន់ចំនួន៧ករណី នៅក្នុងសំណុំរឿងដែលទាក់ទងនឹង មូលនិធិរបស់ក្រុមហ៊ុន SRC International។

បទចោទប្រកាន់ប្រឆាំងនឹងលោក ណាជីប ដែលធ្លាប់កាន់តំណែងជា នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ គឺពាក់ព័ន្ធនឹងការផ្ទេរប្រាក់ចំនួន៤២លានរីងហ្គីត ស្មើនឹងជាង៩លានដុល្លារអាមេរិក ចេញពីមូលនិធិរបស់ SRC International ចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥។

កាលពីខែកក្កដា ឆ្នាំ២០២០ លោក ណាជីប ត្រូវបានតុលាការរកឃើញថា មានទោសចំពោះបទចោទលោភទំនុកចិត្ត ចំនួន៣ករណី, លាងលុយកខ្វក់ចំនួន៣ករណី និងរំលោភអំណាច១ករណី ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១២ឆ្នាំ និងពិន័យជាប្រាក់ ២១០លានរីងហ្គីត ស្មើនឹងជិត៤៧លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា សាលក្រមកាត់ទោសនោះ ត្រូវបានតុលាការឧទ្ធរណ៍ម៉ាឡេស៉ីរក្សាទុកឱ្យនៅដដែល កាលពីធ្នូ ឆ្នាំ២០២១។ ក្រោយមក លោក ណាជីប ក៏បានបន្តយកសំណុំរឿងឡើងដល់តុលាការកំពូល កាលពីខែមេសា ឆ្នាំនេះ ខណៈវាគឺជាឱកាសចុងក្រោយបំផុត នៃការប្តឹងឧទ្ធរណ៍របស់លោក៕