(ប៉េកាំង)៖ នៅថ្ងៃទី ២១ ខែសីហា រថភ្លើងចិន-អឺរ៉ុប (ពីក្រុង Xi'an ទៅក្រុង Hamburg) បានបើកបរចេញពីស្ថានីយ៍អន្តរជាតិ Xi'an។ នេះជារថភ្លើងចិន-អឺរ៉ុបគ្រឿងទី១ម៉ឺនក្នុងឆ្នាំនេះ ដែលបានសម្រេចការបើកបររថភ្លើងចិន-អឺរ៉ុបចំនួន១ម៉ឺន លើកមុនកាលកំណត់ ១០ ថ្ងៃបើប្រៀបធៀបនឹងឆ្នាំ ២០២១។

នាថ្ងៃដដែលនោះ រថភ្លើងល្បឿនលឿនមួយក្រុម និងរថភ្លើងធ្វើតេស្តចម្រុះមួយក្រុម ដែលប្រទេសចិននាំចេញទៅឥណ្ឌូណេស៊ី សម្រាប់ប្រើប្រាស់ក្នុងផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង ត្រូវបានដឹកចេញពីកំពង់ផែ Qingdao ប្រទេសចិនទៅកាន់ឥណ្ឌូណេស៊ី ដែលជាសញ្ញាកត់សម្គាល់ថា រថភ្លើងល្បៀនលឿនដែលចិននាំចេញជាលើកដំបូង បានចាប់ផ្តើមដឹកជញ្ជូនជាផ្លូវការ។

រឿងទាំងពីរនេះមានពាក្យគន្លឹះដូចគ្នា គឺ ផ្លូវដែក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនមានគម្រោងសហប្រតិបតិ្តការផ្នែកផ្លូវដែកជាច្រើន វាបានក្លាយជា «កូនសោមាស» សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់។

សូមបញ្ជាក់ថា តាមទិន្នន័យពាក់ព័ន្ធបានបង្ហាញថា បច្ចុប្បន្ននេះ រថភ្លើងចិន-អឺរ៉ុបបានក្រាល និងគ្រោងផែនការគន្លងខ្សែដំណើការចំនួន៨២ ដែលឆ្ពោះទៅកាន់ទីក្រុងចំនួន ២០០នៃប្រទេសអឺរ៉ុប ចំនួន២៤ ប្រភេទទំនិញដឹកជញ្ជូនបានគ្របដណ្តប់ ៥៣ជំពូក ត្រូវជាជាង ៥ម៉ឺនប្រភេទ ដែលបូករួមតទាំង រថយន្តទាំងមូល បរិក្ខារគ្រឿងយន្តនិងផលិតផលអេឡិចត្រូនិកជាដើម តម្លៃទំនិញសរុបមានជិត ៣សែនលានដុល្លារអាមេរិក។

ក្រៅពីនេះ អ្វីដែលនឹងទទួលបានផលប្រយោជន៍ដូចគ្នាពីប្រការនេះគឺ ប្រជាជននៅតំបន់តាមបណ្តោយ ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងផងដែរ។ ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង មានប្រវែងសរុប ១៤២ គីឡូម៉ែត្រ ល្បឿនលឿនបំផុត ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានប្រើបច្ចេកវិទ្យានិងស្តង់ដារចិនទាំងស្រុង បន្ទាប់ពីសាងសង់រួច វានឹងក្លាយជាផ្លូវដែកល្បឿនលឿនខ្សែទីមួយនៃឥណ្ឌូណេស៊ីនិងអាស៊ីអាគ្នេយ៍។ លើសពីនេះទៅទៀត បន្ទាប់ពីផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុង ត្រូវបានសាងសង់រួចនិងដាក់ឱ្យប្រើប្រាស់ ពេលវេលាធ្វើដំណើរពី ក្រុងហ្សាកាតាទៅក្រុង Bandung នឹងត្រូវកាត់បន្ថយពីជាងបីម៉ោងនាពេលបច្ចុប្បន្ន មកនៅត្រឹមប្រហែល ៤០នាទី នេះនឹងផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ ការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ផងដែរ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង ជានិមិត្តសញ្ញានៃកិច្ចកសាង «ខ្សែក្រវាត់និងផ្លូវ» និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងឥណ្ឌូណេស៊ី ហើយក៏ជាគម្រោងសាងសង់នៅក្រៅប្រទេស នៃផ្លូវដែកល្បឿនលឿនចិនដែលសាងសង់ ជាប្រព័ន្ធនិងមានលក្ខណៈពេញលេញផងដែរ។

នាពេលបច្ចុប្បន្ននេះ ក្នុងបរិបទដែលពិភពលោកបាននិងកំពុងស្ថិត ក្នុងភាពបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាល នៃជំងឺកូវីដ ១៩ ដែលមិនធ្លាប់មានក្នុងរយៈពេល ១រយឆ្នាំ ថែមទាំងការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយ ដូចជាវិបត្តិអ៊ុយក្រែនជាដើម ការអភិវឌ្ឍសកលបាននិងកំពុងប្រឈមនឹងការសាកល្បងជាច្រើន។ ពីរថភ្លើងចិន-អឺរ៉ុបដល់ ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុង សមិទ្ធផលគួរឱ្យកត់សម្គាល់នៃ «ខ្សែក្រវាត់និងផ្លូវ» ទាំងនេះជាសក្សីនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់ប្រទេសចិនដើម្បីជួយពិភពលោកឱ្យដោះស្រាយ «ឱនភាពអភិវឌ្ឍន៍» និងជំរុញការអភិវឌ្ឍរួម។

បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ជាមួយប្រទេសចំនួន១៤៩ និងអង្គការអន្តរជាតិចំនួន៣២ ហើយបានបង្កើតគម្រោងសហប្រតិបត្តិការចំនួនជាង ៣០០០ ដែលមានទំហំវិនិយោគជិត ១ ទ្រីលានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទំនិញរវាងចិន និងបណ្តាប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» បានឡើងដល់ ១១,៦ ទ្រីលានយាន់ប្រាក់ចិន ការបណ្តាក់ទុនដោយផ្ទាល់របស់ចិន នៅប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» បានឡើងដល់ ១សែន ៣ម៉ឺន ៨ពាន់ ៤រយ ៥លានយាន់ប្រាក់ចិន។

អាចប៉ាន់ប្រមាណថា នៅពេលអនាគត រថភ្លើងចិន-អឺរ៉ុបកាន់តែច្រើននឹងបង្កើនល្បឿនក្នុងការសម្រេចបាននូវភាពឈ្នះ-ឈ្នះ ហើយគម្រោងនានាអំពីជីវភាពរស់នៅរបស់ប្រជាជន ក៏នឹងរៀបរាប់ពីរឿងរ៉ាវនៃការអភិវឌ្ឍរួមកាន់តែច្រើនផងដែរ៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន