(ប៉េកាំង)៖ ក្នុងខណៈពេលដែលភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ដែលបណ្តាលមកពីការបង្កហេតុរបស់ភាគីអាមេរិក នៅមិនទាន់បានធូរស្រាលផង លោក Burns ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិន បែរជាបានអះអាងនៅពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មាន CNN កាលពីពេលថ្មីៗកន្លងទៅនេះថា ប្រទេសចិនមានប្រតិកម្មជុ្រល ចំពោះរឿងដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកទៅ បំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដែលក្លាយទៅជាកក្តាអស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងបណ្តាលឱ្យទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិកកើតមានវិបត្តិ។

ការលើកឡើងបែបនេះមិនខុសពីការដើររុកកួនគេហើយ ចោទគេថាខុសទៀត វាក៏ឧបមាដូចជាចោរដែលលួចរបស់គេហើយ ពេលម្ចាស់គេតាមទាន់បែរជាចោទម្ចាស់គេថា បង្ករឿងទៅវិញ។ មិនដឹងថាហេតុអ្វីបានជាអ្នកនយោបាយអាមេរិក មានមនោសញ្ចេតនាជ្រាលជ្រៅអ្វីម៉្លេះ ចំពោះការប្រើឡូហ្ស៊ីកដ៏គួរឱ្យអស់សំណើចបែបនេះ? ឬមួយវាជាទម្លាប់និងជាប្រពៃណី ដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ ?

ជាធម្មតា ការចោទប្រកាន់អ្នកដទៃត្រូវមានភស្តុតាងគ្រប់គ្រាន់ និងមានភាពត្រឹមត្រូវនិងសមហេតុផល មិនមែននិយាយតែមាត់ថាអ្នកនេះខុសអ្នកនោះ ត្រូវតាមតែទំនើងចិត្តរបស់ខ្លួននោះទេ។ ជាក់ស្តែង ក្នុងករណីដែលកើតមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់លើកនេះ សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់ថា តើអ្នកណាជាដើមហេតុ។ បើនិយាយដូចលោក Burns អ៊ីចឹង ចុះឧបមាថា ប្រសិនបើប្រទេសចិនទៅបំពានអធិបតេយ្យភាព របស់អាមេរិកវិញ តើអាមេរិកនឹងមានប្រតិកម្មយ៉ាងណា?

ដូចអ្វីដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា តាំងពីដើមមក អាមេរិកបានតាំងខ្លួនជា «បងធំ» លើសគេលើពិភពលោករហូតមក មិនថាសម្ព័ន្ធមិត្តឬប្រទេសណាក្តី ត្រូវស្តាប់តាមបង្គាប់របស់អាមេរិកជានិច្ច ព្រោះថាប្រសិនបើហ៊ានជំទាស់ នឹងត្រូវរងការដាក់ទណ្ឌកម្ម ឬសឹងតែត្រូវរងការវាយប្រហារ ឧទាហរណ៍ដូចជាករណីរបស់ប្រទេសគុយបា និងអ៊ីរ៉ង់ជាដើមដែល «មិនស្តាប់បង្គាប់» របស់អាមេរិក ក៏ត្រូវរងការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចរហូតដល់បច្ចុប្បន្ន ដែលរារាំងដល់ដំណើរអភិវឌ្ឍន៍ជាតិរបស់ប្រទេសទាំងនេះ។

ជារៀងរាល់ឆ្នាំ អាមេរិកបានចេញរបាយការណ៍សិទ្ធិមនុស្ស នៃប្រទេសនានាលើពិភពលោក ដែលមានប្រទេសភាគច្រើនលើសលប់សុទ្ធតែ ស្ថិតក្រោមការចោទប្រកាន់ថាមាន «បញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ» ហើយរបាយការណ៍នេះបានក្លាយជាលេសដ៏ «សមរម្យ» ដែលអាមេរិកប្រើជាអាវុធសម្រាប់ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ងាកមកមើលពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសអាមេរិកវិញ ជារៀងរាល់ឆ្នាំមានមនុស្សរាប់ពាន់នាក់ ដែលត្រូវបាត់បង់ជីវិតក្រោមចុងកាណុងកាំភ្លើង ជនជាតិដើមភាគតិចនិងជនជាតិពណ៌សម្បុរផ្សេង ពិសេសជនជាតិស្បែកខ្មៅបានរងការរើសអើងនិងអំពើហិង្សា រហូតដល់ត្រូវសម្លាប់ក៏មាន។

ក្រៅពីនេះ នៅមានករណីដែលកុមារជនជាតិដើមភាគតិចរាប់រយនាក់ ត្រូវធ្វើទារុណកម្មនិងត្រូវសម្លាប់យ៉ាងព្រៃផ្សៃ នៅឯសាលារៀនកាលពីអតីតកាល ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ល។ ប៉ុន្តែ ករណីដែលប្រឡាក់ដោយឈាមទាំងនេះ មិនបានលើកឡើងសូម្បីតែបន្តិចក្នុងរបាយការណ៍សិទ្ធិមនុស្ស នៃប្រទេសអាមេរិកនោះទេ ពោលគឺ «សិទ្ធិមនុស្សរបស់អាមេរិកគឺល្អឥតខ្ចោះ»

ដូចដែលយើងគ្រប់គ្នាបានដឹងហើយថា អង្គការសហប្រជាជាតិជាអង្គការអន្តររដ្ឋាភិបាលអន្តរជាតិ ដែលបង្កើតឡើងដោយប្រទេសមានអធិបតេយ្យភាព ក្រោមកម្មវត្ថុ៖ គាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពអន្តរជាតិ ដែលឈរលើមូលដ្ឋាននៃគោលការណ៍គោរពសិទ្ធិស្មើភាព និងសិទ្ធិសម្រេចគោលនយោបាយដោយខ្លួនឯងរបស់ប្រជាជន នៃប្រទេសនានាជាដើម។ ក្នុងន័យនេះ មិនថាប្រទេសធំឬតូច មានឬក្រ សុទ្ធតែត្រូវមានសិទ្ធិស្មើគ្នា។

និយាយចំពោះប្រទេសមួយដែលមានអធិបយ្យភាព និងបូរណភាពទឹកដីពេញលេញ ការគាំពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាបន្ទាត់ក្រហម ដែលមិនអាចបំពានបានជាដាច់ខាត។ បើគ្មានអធិបតេយ្យភាព គឺគ្មានសេចក្តីថ្លៃថ្នូរជនជាតិ ប្រទេសជាតិក៏គ្មានសុខសន្តិភាព អាស្រ័យហេតុនេះ បញ្ហាអធិបតេយ្យភាពមិនមែនជារឿងលេងសើចជាដាច់ខាត។ ក្នុងករណីតំបន់ចិនតៃវ៉ាន់លើកនេះ ប្រទេសចិនបានឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ គឺដើម្បីគាំពារអធិបតេយ្យភាព ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ដែលជារឿងចាំបាច់និងដាច់ខាតត្រូវតែធ្វើក្នុងនាមជា ប្រទេសមានអធិបតេយ្យភាពពេញលេញ។

ការចងមិត្តស្ថិតត្រង់ភាពស្មោះត្រង់ ការបង្កើតទំនាក់ទំនងរវាងប្រទេស និងប្រទេសស្ថិតត្រង់ការគោរពគ្នានិងមានសមភាព។ បច្ចុប្បន្នជាយុគសម័យនៃពិភពលោកពហុប៉ូលនិងពហុភាគីនិយម មិនមែនសម័យអាណានិគមនិយមនោះទេ ពោលគឺពិភពលោកត្រូវការសមភាព មិនត្រូវការអនុត្តរភាពទេ ហើយដើម្បីទទួលបានការអភិវឌ្ឍរួម និងវិបុលភាពរួម គឺមានតែការធ្វើកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ ការគោរពអធិបតេយ្យភាពគ្នា និងបោះបង់ចោលគំនិត «អញជាធំ» ទើបអាចឈានដល់លទ្ធផលឈ្នះ-ឈ្នះ តែមិនមែនផលបូកសូន្យដែលបង្ខូចដល់ផលប្រយោជន៍អ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួននោះឡើយ៕

អត្ថបទដោយ៖ តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន