(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសអ៉ឺរ៉ង់បានទម្លាក់ចោល ការទាមទាររបស់ខ្លួនមួយចំនួន លើការស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ក្នុងនោះរួមទាំង ការទទូចឲ្យអ្នកត្រួតពិនិត្យអន្តរជាតិ បិទការស៉ើបអង្កេតចំពោះកម្មវិធីអាតូមិចរបស់ខ្លួន ខណៈវាគឺជាសញ្ញាវិជ្ជមានមួយ ក្នុងការខិតកាន់តែជិតទៅរកកិច្ចព្រមព្រៀងរួមគ្នា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។

ដោយសារតែភាពរស៉ើបនៃបញ្ហានេះ មន្រ្តីជាន់ខ្ពស់អាមេរិកខាងលើនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ Reuters ឲ្យដឹងថា ទោះបីជាទីក្រុងតេហេរ៉ង់បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនបានយល់ព្រមធ្វើសម្បទានក៏ដោយ អ៉ីរ៉ង់ផ្ទាល់ បានសម្រេចបន្ធូរបន្ថយនូវការទាមទារសំខាន់ៗមួយចំនួនរបស់ខ្លួន។

មន្រ្តីអាមេរិករូបនោះ បានគូសបញ្ជាក់ថា «យើងគិតថាទីបំផុតពួកគេបានឆ្លងផុតចំណុចដ៏លំបាក ហើយឆ្ពោះទៅរកកិច្ចព្រមព្រៀងដែលប្រធានាធិបតី លោក ចូ បៃដិន អាចទទួលយកបាន។ អ្វីដែលអាចខិតទៅកាន់តែជិតកិច្ចព្រមព្រៀងនៅថ្ងៃនេះ គឺដោយសារតែអ៉ីរ៉ង់យល់ព្រមលើបញ្ហាដែលពួកគេ ទាមទារតាំងពីដើមមក»

កន្លងទៅនេះ អ៊ីរ៉ង់ហាក់បានបន្ទន់ឥរិយាបថរួចស្រេចមកហើយ ពាក់ព័ន្ធការទាមទារឲ្យសហរដ្ឋអាមេរិក ដកឈ្មោះកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចេញពីអង្គភាពភេរវកម្មបរទេស (FTO)។ ទីក្រុងតេហេរ៉ង់ ក៏ចង់បានការដែរធានាថា ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) នឹងបិទការស៊ើបអង្កេតពាក់ព័ន្ធនឹងសារធាតុអ៊ុយរ៉ាញ៉ូមផងដែរ។ យ៉ាងនេះក្តី ក្រសួងការបរទេសអ៉ីរ៉ង់ នៅមិនទាន់មានការបញ្ជាក់យ៉ាងដូចម្តេចទេ ចំពោះការអះអាងរបស់មន្រ្តីអាមេរិក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគ្រោងនឹងធ្វើការឆ្លើយតប ក្នុងពេលឆាប់ៗចំពោះ សេចក្តីព្រាងកិច្ចព្រមព្រៀងស្នើឡើងដោយ សហភាពអឺរ៉ុប ដែលនឹងនាំយកមកវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយប្រទេសអ៊ីរ៉ង់ ដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានបោះបង់ចោល ហើយប្រធានាធិបតីបច្ចុប្បន្នគឺ លោក ចូ បៃដិន កំពុងធ្វើព្យាយាមស្រោចស្រង់ឡើងវិញ៕