(កៀវ)៖ ការិយាល័យអគ្គរដ្ឋអាជ្ញាបានអ៊ុយក្រែនបានឲ្យដឹងថា ប្រធានតំបន់នៃសេវាស៊ើបការណ៍ SBU របស់ប្រទេសអ៊ុយក្រែន ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់គាត់ នៅកណ្តាលប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។

លោក Oleksandr Nakonechny ត្រូវបានប្រពន្ធរកឃើញដេកស្លាប់ ដោយមានរបួសដោយគ្រាប់កាំភ្លើង នៅក្នុងបន្ទប់នៃអគារអាផាតមិនរបស់ពួកគេមួយក្នុងទីក្រុង Kropyvnytsky កាលពីល្ងាចថ្ងៃសៅរ៍បន្ទាប់ពីបានឮស្នូរកាំភ្លើង។

ប៉ូលិសបានបើកការស៊ើបអង្កេតលើករណីស្លាប់នេះ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។

អ្នកនយោបាយក្នុងស្រុកម្នាក់ លោក Andrii Lavrus បានសរសេរនៅលើ Telegram ថា លោក Nakonechny បានបាញ់សម្លាប់ខ្លួនឯង។

កាលពីខែកក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបណ្តេញប្រធាន SBU ដែលជាមិត្តភក្តិកុមារភាពរបស់គាត់ គឺលោក Ivan Bakanov ដោយនិយាយថា គាត់មិនបានធ្វើការគ្រប់គ្រាន់ដើម្បីកម្ចាត់ភ្នាក់ងារចារកម្ម និងសហការីរុស្ស៊ីនោះទេ។

លោក Zelensky បាននិយាយថា នឹងមានការពិនិត្យសើរើរឡើងវិញចំពោះបុគ្គលិក SBU ខណៈមន្រ្តីជាន់ខ្ពស់ជាច្រើននៅក្នុងទីភ្នាក់ងារនេះ ត្រូវបានបណ្តេញចេញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕