(កូឡុំបូ)៖ វិស័យឧស្សាហកម្មទេសចរណ៍ប្រទេសស្រីលង្កាកំពុងសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនពីប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលប្រទេសកោះមួយនេះ កំពុងជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។

តាំងពីដើមមកវិស័យទេសចរណ៍ គឺជាប្រភពដ៏សំខាន់នៃដើមទុនរបស់ស្រីលង្កា។ ក្នុងឆ្នាំ២០១៨ វិស័យទេសចរណ៍មានចំនូលរហូតដល់ចំនួន ៤.៤ពាន់លានដុល្លារ ដែលស្មើនឹង ៥.៦ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។ ប៉ុន្តែវាបានធ្លាក់ចុះមកត្រឹមតែ ០៨ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ១៩។

ស្រីលង្កាបានហៅឆ្នាំ២០២២ ជា «ឆ្នាំនៃដំណើរទស្សនកិច្ចស្រីលង្កា» ហើយអាជ្ញាធរកំពុងផ្តល់អាទិភាព ដល់ការស្តារទេសចរណ៍ឡើងវិញ ខណៈដែលប្រទេសនេះបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យ។

ដោយវាយតម្លៃទិន្នន័យអ្នកទស្សនានៅឆ្នាំនេះ រហូតដល់ខែកក្កដា អាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍របស់ប្រទេសនេះបានកំណត់ទីផ្សារចម្បង និងទីផ្សារសក្តានុពលកំពូលរបស់ខ្លួន ដែលក្នុងនោះរួមមានប្រទេសអារ៉ាប៊ីសាអូឌីត។

លោក Madhubhani Perera នាយកទំនាក់ទំនងសាធារណៈ នៃការិយាល័យផ្សព្វផ្សាយទេសចរណ៍ស្រីលង្កាបានប្រាប់ Arab News កាលពីថ្ងៃសុក្រថា «អារ៉ាប៊ីសាអូឌីត គឺជាប្រភពដ៏សំខាន់សម្រាប់ទីផ្សារស្រីលង្កា ដោយសារតែទំហំនៃចំនួនប្រជាជនរបស់ខ្លួន និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗនៅក្នុងតំបន់»