(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃអាទិត្យនេះ បានប្រកាសឱ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៉ីដា ហ្វូមីអុ (Kishida Fumio) បានធ្វើតេស្តចេញលទ្ធផលវិជ្ជមាន ចំពោះជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NHK នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។

ខណៈនេះលោក គីស៉ីដា មានរោគសញ្ញាមួយចំនួន ដូចជាគ្រុនក្តៅតិចៗ និងក្អក ហើយលោកកំពុងតែសម្រាកព្យាបាលជំងឺ នៅការិយាល័យនាយករដ្ឋមន្រ្តី ដែលបម្រើជា កន្លែងស្នាក់នៅផ្លូវការរបស់លោក។ ការធ្វើតេស្តរកកូវីដ១៩នេះ កើតមានឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីជប៉ុន ទើបតែចំណាយពេល១សប្តាហ៍ សម្រាប់វិស្សមកាល ហើយប្រុងនឹងចាប់ផ្តើមចូលបំពេញការងារវិញ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា ចាប់ពីចុងខែកក្កដា រហូតមកទល់ពេលនេះ ប្រទេសជប៉ុនបានប្រឈមនឹង ការរាតត្បាតខ្លាំងសាជាថ្មី នៃជំងឺកូវីដ១៩ ដោយករណីឆ្លងប្រចាំថ្ងៃ បានលោតដល់កម្រិតខ្ពស់មិនធ្លាប់មាន គឺចន្លោះ១សែន-ជាង២សែនករណីក្នុង១ថ្ងៃ ប៉ុន្តែករណីអ្នកស្លាប់ប្រចាំថ្ងៃ បានបន្តនៅទាបនៅឡើយ ហើយការបង្កភាពរាំងស្ទះ ក៏មានកម្រិតស្រាលផងដែរ បើធៀបនៅតាមប្រទេសសេដ្ឋកិច្ចជឿនលឿន មួយចំនួនផ្សេងទៀត៕