(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានចោទប្រកាន់អ៊ុយក្រែន អំពីការលួចបំពុលទាហានខ្លួនមួយចំនួន ដែលនៅគ្រប់គ្រងតំបន់ ហ្សាប៉ូរីសហ្សៀ ភាគខាងត្បូងប្រទេសអ៊ុយក្រែន កាលពីចុងខែកក្កដា កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ីបានអះអាងថា កងទ័ពរុស្ស៉ីមួយចំនួន ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្រោមរោគសញ្ញានៃការពុលធ្ងន់ធ្ងរ កាលពីថ្ងៃទី៣១ ខែកក្កដា ហើយការធ្វើតេស្តចេញមកបានបង្ហាញថា នៅក្នុងខ្លួនរបស់ពួកគេ មានផ្ទុកសារធាតុពុលម៉្យាងហៅថា បូទូលីនុម តុកស៉ីន ប្រភេទ B (botulinum toxin type B)។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានចោទថា របបដឹកនាំរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអនុញ្ញាតឱ្យមានការធ្វើសកម្មភាពភេរវកម្មគីមីសាស្រ្តបែបនេះ មកលើទាហានរបស់រុស្ស៉ី។ យ៉ាងណាក្តី ទីក្រុងមូស្គូមិនបានប្រាប់ច្បាស់ អំពីចំនួនទាហានរុស្ស៉ី ដែលបានរងគ្រោះ ឬក៏ថាតើ បច្ចុប្បន្នស្ថានភាពពួកគេ ទៅជាយ៉ាងណានោះឡើយ។

គួរបញ្ជាក់ថា ពាក់ព័ន្ធពាក្យចោទប្រកាន់របស់រុស្ស៉ី ក្រសួងការពារជាតិអ៊ុយក្រែន មិនបានទាន់ឃើញ ចេញធ្វើការឆ្លើយតបអ្វីនៅឡើយទេ។ ប៉ុន្តែទីប្រឹក្សាម្នាក់ នៃក្រសួងមហាផ្ទៃរបស់អ៊ុយក្រែន គឺលោក អានតុន ហ្កេរ៉ាសឆិនកូ (Anton Gerashchenko) បានលើកឡើងថា ការពុលនេះ តាមពិតប្រហែលបណ្តាលមកពី ការដែលទាហានរុស្ស៉ីបានបរិភោគ សាច់កំប៉ុងហួសកាលបរិច្ឆេទ ដ្បិតសារធាតុពុល បូទូលីនុម តុកស៉ីន ប្រភេទ B ជារឿយៗត្រូវបានរកឃើញ នៅក្នុងអាហារកំប៉ុងដែលផុតកំណត់បែបនោះ៕