(កាប៊ុល)៖ រដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្កានីស្ថាន បានទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ (UNSC) ដកចេញវិញនូវទណ្ឌកម្មទាំងអស់ ដែលបានដាក់មកលើសមាជិករបស់ខ្លួន ហើយអនុញ្ញាតឱ្យពួកគេធ្វើដំណើរជាធម្មតាឡើងវិញ ដើម្បីជាប្រយោជន៍សម្រាប់ការសន្ទនា និងការធ្វើប្រាស្រ័យទាក់ទង ជាមួយពិភពលោក។ នេះបើតាមការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។

ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អ្នកនាំពាក្យតាលីបង់បានអំពាវនាវឱ្យ UNSC បញ្ឈប់ការប្រើប្រាស់ទណ្ឌកម្ម ជាឧបករណ៍ដាក់សម្ពាធតទៅទៀត។ ការអំពាវនាវនោះធ្វើឡើង មួយថ្ងៃបន្ទាប់ពី UNSC មិនអាចឯកភាពគ្នាបាន ជុំវិញការបន្តអនុញ្ញាតឱ្យ មន្រ្តីជាន់ខ្ពស់តាលីបង់ចំនួន១៣នាក់ អាចធ្វើដំណើរទៅក្រៅប្រទេស ដើម្បីចូលរួមកិច្ចពិភាក្សានិងសន្និសីទផ្សេងៗ។ តាលីបង់និយាយថា ប្រសិនបើការហាមឃាត់ការធ្វើដំណើរនៅតែបន្ត វានឹងបង្កើតគម្លាត ជាជាងបង្កើតឱកាសកិច្ចសន្ទនា និង ការធ្វើប្រាស្រ័យទាក់ទងគ្នា។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១១ មន្រ្តីតាលីបង់ប្រមាណ ១៣៥នាក់ ត្រូវបាន UNSC ដាក់បម្រាមធ្វើដំណើរ និងបង្កទ្រព្យសម្បត្តិ ប៉ុន្តែនៅឆ្នាំ២០១៩ ការលើកលែងត្រូវបានផ្តល់ឱ្យ មន្រ្តីជាន់ខ្ពស់១៣នាក់ ក្នុងចំណោមនោះ ដើម្បីអនុញ្ញាតឱ្យពួកគេ ចូលរួមកិច្ចចរចាសន្តិសុខភាព នៅប្រទេសកាតា។ ដោយឡែក កាលពីខែសីហា ឆ្នាំ២០២១ តាលីបង់ក៏ត្រឡប់មកឡើងកាន់អំណាចសាជាថ្មី នៅអាហ្វហ្កានីស្ថាន ក្រោយការដកទ័ពរបស់សហរដ្ឋអាមេរិក ខណៈមកទល់ពេលនេះ UNSC កំពុងបន្តជាប់គាំងថា តើគួរមានចំណាត់ការបែបណា ចំពោះក្រុមតាលីបង់៕