(ញូដេលី)៖ អាជ្ញាធរឥណ្ឌានិងប៉ាគីស្ថាន នាថ្ងៃអាទិត្យនេះបានឱ្យដឹងថា មានមនុស្សយ៉ាងហោច៧៤នាក់ បានបាត់បង់ជីវិត ដោយសារតែគ្រោះទឹកជំនន់ នៅក្នុងប្រទេសទាំងពីរ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។

អាជ្ញាធរគ្រប់គ្រងក្នុងមហន្តរាយប៉ាគីស្ថាន បានរាយការណ៍ថា គិតត្រឹមយប់ថ្ងៃសៅរ៍ម្សិលមិញ មនុស្សចំនួន៣៦នាក់ បានស្លាប់ ព្រមទាំង១៤៥នាក់ បានរងរបួស ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដោយសារជំនន់ទឹកភ្លៀង និងឧប្បត្តិហេតុពាក់ព័ន្ធដទៃទៀត។ ក្នុងនោះ នៅខេត្ត សីន (Sindh) ភាគខាងត្បូង ដែលជាកន្លែងរងគ្រោះខ្លាំងជាងគេ មានមនុស្សស្លាប់១៨នាក់, ខេត្ត គីបឺ ប៉ាក់ទូនក្វា (Khyber Pakhtunkhwa) ភាគពាយព្យ មានអ្នកស្លាប់១១នាក់, និងខេត្ត ពូនចាប់ (Punjab) ភាគខាងកើត មានអ្នកស្លាប់៧នាក់។ ក្រៅពីនេះ ផ្ទះសម្បែង ១០,៨៦០ខ្នង ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ហើយ១៧,០១០ខ្នង បានរងការខូចខាត។

ចំណែកនៅខាងប្រទេសឥណ្ឌាវិញនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ចំពោះមុខការធ្លាក់ភ្លៀងខ្លាំងជោគជាំ នៅតំបន់ភាគខាងជើងនិងនៅភាគខាងកើតប្រទេស បានកើនដល់៣៨នាក់ ក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ។ ក្នុងចំណោមនោះ ករណីស្លាប់២២នាក់ បានកើតឡើងនៅរដ្ឋ ហ៉ីម៉ាចាល់ ប្រាដេស (Himachal Pradesh), ៦នាក់នៅរដ្ឋ អូឌីស្សា (Odisha), ៤នាក់ នៅរដ្ឋ អ៊ុតតារ៉ាខាន់ (Uttarakhand), ៤នាក់នៅរដ្ឋ ចាខាន់ (Jharkhand), និង២នាក់ នៅតំបន់កាស្មៀរ (Kashmir)។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់ បានទទួលរងផលប៉ះពាល់ និងជាច្រើននាក់បានបាត់បង់ជីវិត នៅតាមបណ្តាប្រទេស ក្នុងតំបន់អាស៉ីខាងត្បូង ដោយសារតែគ្រោះទឹកជំនន់ នារដូវខ្យល់មូសុង៕