(អង់ការ៉ា)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយថា UN កំពុងប្រឹងប្រែងធ្វើការជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលជាឧបសគ្គ សម្រាប់ការនាំយកស្បៀងអាហារ និងជីកសិកម្មរបស់រុស្ស៉ី ទៅកាន់ទីផ្សារពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។

លោក Guterres បានលើកឡើងថា នៅក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយ UN ដែលសម្រេចបាននៅប្រទេសតួកគី កាលពីខែមុន ដើម្បីបន្តការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែនឡើងវិញ ក្រោយពីកកស្ទះ ចាប់តាំងពីតែពីការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ មកនោះ ធញ្ញជាតិនិងស្បៀងអាហារដទៃទៀតសរុបជាង ៦៥០,០០០តោនហើយ កំពុងត្រូវបាននាំចេញ។

ថ្លែងចេញពីទីក្រុងអ៉ីស្តង់ប៊ុលនៃប្រទេសតួកគី ជាទីដែលលោកបានទៅទស្សនកិច្ច មជ្ឈមណ្ឌលជួយសម្របសម្រួលការនាំចេញខាងលើ លោកប្រមុខដឹកនាំ UN បានបន្តថា «ផ្នែកម្ខាងទៀតនៃកិច្ចព្រមព្រៀងខាងលើ គឺការអនុញ្ញាតឱ្យស្បៀងអាហារ និងជីកសិកម្មរបស់រុស្ស៉ី ចូលទៅក្នុងទីផ្សារអន្តរជាតិ ដោយពុំមានការរឹតត្បិតអ្វីទាំងអស់»។

បើតាមលោក Guterres ទោះបីជាបណ្តាប្រទេស ដែលបានដាក់ទណ្ឌកម្មលើរុស្ស៉ី ជុំវិញបញ្ហាសង្រ្គាមអ៊ុយក្រែន បានបញ្ជាក់ច្បាស់ថា ចំណាត់ការរបស់ខ្លួន មិនរាប់លើស្បៀងអាហារនិងជីកសិកម្មក៏ដោយ ពួកវាហាក់ជះផលប៉ះពាល់ដោយប្រយោល ចំពោះការនាំចេញផលិតផលទាំងនេះរបស់រុស្ស៉ី។ ដូច្នេះហើយ លោក Guterres បានអះអាងថា UN កំពុងធ្វើការជាមួយអាមេរិក និង EU ដើម្បីដោះស្រាយឧបសគ្គទាំងនោះ។

គួរបញ្ជាក់ថា មុនការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៉ីនិងអ៊ុយក្រែន រ៉ាប់រងប្រហែល១ភាគ៣ នៃការនាំចេញស្រូវសាលីរបស់ពិភពលោក៕