(ប៉េកាំង)៖ ១០ឆ្នាំមុន រាល់ពេលវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កម្មករខេត្តក្វាងស៊ី នៃប្រទេសចិនចំនួនរាប់លាននាក់ដែលធ្វើការងារនៅ តំបន់ក្រៅ បានបង្កើតជា «មហាក្បួនម៉ូតូ» និងជិះម៉ូតូរាប់ពាន់គីឡូម៉ែត្រ ត្រឡប់ទៅស្រុកកំណើតវិញដើម្បីឆ្លងបុណ្យចូលឆ្នាំថ្មីចិន។ បច្ចុប្បន្ននេះ «មហាក្បួនម៉ូតូ» បានក្លាយជាប្រវត្តិសាស្ត្ររួចទៅហើយ កម្មករដែលធ្វើការនៅតំបន់ក្រៅអាចជិះរថភ្លើងល្បឿនលឿនត្រឡប់ទៅស្រុកកំណើតវិញ មានភាពងាយស្រួលណាស់ ហើយពេលណាចង់ត្រឡប់ទៅស្រុកកំណើតវិញក៏អាចចេញដំណើរនៅពេលនោះ។

ក្រៅពីនេះកាលពីខែមិថុនា ឆ្នាំ២០២២ ខ្សែផ្លូវដែកពីតំបន់ Hetian ដល់ស្រុក Ruoqiang នៃភូមិភាគស្វយ័តវៃវូអឺ ស៊ីនជាំងបានដាក់ឱ្យប្រើប្រាស់ ខ្សែផ្លូវដែកនេះជាខ្សែផ្លូវដែកជុំវិញវាលខ្សាច់ទីមួយនៅលើពិភពលោក ដែលមានប្រវែង២៧១២គីឡូម៉ែត្រ។ ការដាក់ឱ្យប្រើប្រាស់ខ្សែផ្លូវដែកនេះ បានបញ្ចប់ប្រវត្តិសាស្ត្រគ្មានខ្សែផ្លូវដែករបស់ស្រុកជាច្រើនក្នុងតំបន់នេះ។ នៅវាលខ្សាច់ដ៏ធំល្វឹងល្វើយក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសចិន ការធ្វើដំណើរលែងជារឿងលំបាកទៀតហើយ។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដាក់ឱ្យប្រើប្រាស់នូវឡានសាធារណៈនៅភូមិចំនួនជាង៥ម៉ឺន ជាងនេះទៅទៀត ប្រវែងផ្លូវដែកល្បឿនលឿន ដែលបានសាងសង់រួចនៅតំបន់ភាគខាងលិចប្រទេសចិន បានឡើងដល់៦ម៉ឺនគីឡូម៉ែត្រ ត្រូវជា ៤០ភាគរយនៃប្រវែង សរុបរបស់ប្រទេសចិន។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនមិនដែលបញ្ឈប់ជំហានពុះពារឧបសគ្គនិងឆ្ពោះទៅមុខ ក្នុងជួរភ្នំ នៅតាមដងទន្លេ នៅភូមិដាច់ស្រយាល និងវាលខ្សាច់ ប្រទេសចិនបានបង្កើតរឿងអច្ឆរិយមួយហើយមួយទៀត។ តំបន់ដែលបិទជិតនិងដាច់ស្រយាលកាលពីមុន ត្រូវបានរួមបញ្ចូលក្នុងបណ្តាញ គមនាគមន៍ ក្នុងដំណើរ អ្នកផងទាំងពួងបាន និងកំពុងស្វែងរកនិងសម្រេចសុបិនរបស់ខ្លួន៕
វិទ្យុមិត្តភាពកម្ពុជាចិន