(កៀវ)៖ រុស្ស៉ី ត្រូវបានគេរាយការណ៍ថា បានតែងតាំងមេបញ្ជាការថ្មី នៃកងទ័ពជើងទឹករបស់ខ្លួនប្រចាំតំបន់សមុទ្រខ្មៅ ឈរជើងនៅក្នុងតំបន់គ្រីមៀ បន្ទាប់ពីមូលដ្ឋានយោធារបស់ខ្លួន រងការខូចខាតដោយសារតែហេតុការណ៍ផ្ទុះជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ី ក្នុងសប្ដាហ៍នេះបានទទួលស្គាល់ជាលើកដំបូងថាការផ្ទុះនៅឯឃ្លាំងយោធាមួយកន្លែង ស្ថិតនៅភាគខាងជើងនៃតំបន់គ្រីមៀ ដែល បង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សជាង ៣,០០០នាក់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះគឺជា «ទង្វើវិច្ឆេទកម្ម»។ ហេតុការណ៍ផ្ទុះនេះកើតមានឡើងបន្ទាប់ពីកាលពី សប្ដាហ៍មុន ក៏មានការផ្ទុះជាច្រើនលើកនៅឯមូលដ្ឋានទ័ពអាកាសរុស្ស៉ី ក្នុងតំបន់គ្រីមៀផងដែរ ហើយនៅពេលនោះក្រុមមន្ត្រីរុស្ស៉ីបានអះអាងថាការផ្ទុះ ទាំងនេះគ្រាន់តែជាគ្រោះថ្នាក់ចៃដន្យប៉ុណ្ណោះ។

ដោយឡែក បើតាមសារព័ត៌មាន CNN អ៊ុយក្រែនបានទទួលស្គាល់ថាខ្លួនជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះចំនួន ៣លើក នៅឯមូលដ្ឋានយោធារុស្ស៊ី ក្នុងតំបន់គ្រីមៀ (Crimea) កាលពីសប្តាហ៍មុន រួមទាំងការបំផ្ទុះនៅឯមូលដ្ឋានទ័ពអាកាសរុស្ស៊ី ក្នុងតំបន់ឆ្នេរភាគខាងលិច ដែលបានធ្វើឱ្យយន្តហោះ ជាច្រើនគ្រឿងរងការខូចខាត។ ក៏ប៉ុន្តែ រដ្ឋាភិបាលអ៊ុយក្រែនផ្ទាល់មិនទាន់បានទទួលស្គាល់ជាផ្លូវការ ហើយក៏មិនបានបដិសេធថាតើខ្លួនមានជាប់ពាក់ព័ន្ធ នឹងការវាយប្រហារក្នុងតំបន់គ្រីមៀ ឬក៏យ៉ាងណានោះដែរ។

ជុំវិញ ហេតុការណ៍ផ្ទុះក្នុងតំបន់គ្រីមៀនេះដែរ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថាទីក្រុងមូស្គូ បានតែងតាំងលោក វ៉ិចទ័រ សូកូឡូវ (Viktor Sokolov) ជាមេបញ្ជាការថ្មីនៃកងទ័ពជើងទឹករុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅ ជំនួសមេបញ្ជាការ លោក អ៉ីហ្គ័រ អូស៊ីប៉ូវ (Igor Osipov)។ ដូច្នេះប្រសិនបើ សេចក្ដីរាយការណ៍ពីការតែងតាំងមេបញ្ជាការថ្មីនេះត្រូវបានទទួលស្គាល់ នោះវានឹងក្លាយជាការបណ្ដេញមន្ត្រី យោធាជាន់ខ្ពស់បំផុតម្នាក់របស់រុស្ស៉ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក៕

Igor Osipov

Viktor Sokolov