(ប៉េកាំង)៖ ប្រទេសចិនកាលពីថ្ងៃពុធបានជំរុញឱ្យសហរដ្ឋអាមេរិក រៀនពីមេរៀនប្រវត្តិសាស្ត្រ ដោយគោរពចំពោះសេចក្តីថ្លែងការណ៍រួមទាំងបីចិន-អាមេរិក និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ចិនតែមួយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយ នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើខួបលើកទី៤០ឆ្នាំ នៃសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ដែលជាសេចក្តីថ្លែងការណ៍មួយ ក្នុងចំណោមសេចក្តីថ្លែងការណ៍សំខាន់ៗចំនួនបីរបស់ចិន-អាមេរិក។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៨២ ថា ខ្លួនមិនបន្តគោលនយោបាយរយៈពេលវែង នៃការលក់អាវុធទៅឱ្យតៃវ៉ាន់នោះទេ ហើយការលក់អាវុធរបស់ខ្លួនទៅឱ្យតៃវ៉ាន់នឹងមិនលើសចំនួនកំណត់ឡើយ ទោះក្នុងន័យគុណភាព ឬបរិមាណក៏ដោយ....និងមានបំណងកាត់បន្ថយការលក់អាវុធទៅឱ្យតៃវ៉ាន់ជាបណ្តើរៗ ហើយឈានដល់ដំណោះស្រាយចុងក្រោយក្នុងរយៈពេលមួយ។

លោក Wang បាននិយាយថា សេចក្តីថ្លែងការណ៍នេះ សេចក្តីថ្លែងការណ៍សៀងហៃ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិក ស្តីពីការបង្កើតទំនាក់ទំនងការទូត ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយចិន-សហរដ្ឋអាមេរិក ខ្លឹមសារស្នូលរបស់វា គឺការគោរពគោលការណ៍របស់ចិនតែមួយ។

លោក Wang បានបន្តថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ បានរំលោភលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលថាខ្លួននឹងអភិវឌ្ឍទំនាក់ទំនងក្រៅផ្លូវការប៉ុណ្ណោះជាមួយតៃវ៉ាន់។ ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ គឺជាការធានារបស់ចិន និងសហរដ្ឋអាមេរិក៕