(កូឡុំបូ)៖ អតីតប្រធានាធិបតីស្រីលង្កា លោក ហ្កោតាប្រាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) នឹងវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។

ដំណឹងខាងលើនេះត្រូវបានទូរទស្សន៍ Newsfirst របស់ប្រទេសសី្រលង្កា ធ្វើការផ្សព្វផ្សាយដោយដកស្រង់ប្រភពចេញពី អតីតឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅរុស្ស៉ី គឺ លោក អ៊ូដាយ៉ាហ្កា វៀរ៉ាទុនហ្កា (Udayanga Weeratunga)។ លោក វៀរ៉ាទុនហ្កា បាននិយាយថា អតីតប្រធានាធិបតីនឹងត្រលប់ចូលស្រុកវិញ នៅសប្តាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីស្រីលង្កា ដែលរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក បានទៅដល់ប្រទេសថៃ កាលពីសប្តាហ៍មុន តាមជើងហោះហើរពីប្រទេសសិង្ហបុរី ជាកន្លែងដែលលោកបានជ្រកកោន ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក៕