(ឡុងដ៍)៖ របាយការណ៍ថ្មីចុងក្រោយបំផុត ពីរដ្ឋាភិបាលអង់គ្លេសនាថ្ងៃពុធនេះ បានបង្ហាញថា អតិផរណានៅចក្រភពអង់គ្លេស បានបន្តលោតដល់ ១០.១ភាគរយ កាលពីខែកក្កដាកន្លងទៅ ដែលជំរុញជាចម្បងដោយ ការកើនឡើងនៃតម្លៃស្បៀងអាហារ និងថាមពល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។

ការិយាល័យស្ថិតិជាតិនៃចក្រភពអង់គ្លេស បានចេញរបាយការណ៍ឱ្យដឹងថា អត្រាអតិផរណាកាលពីក្នុងខែកក្កដា គឺ១០.១ភាគរយ។ វាបានកើនឡើងពីអត្រា ៩.៤ភាគរយ កាលពីខែមិថុនា ហើយខ្ពស់ជាងការព្យាកររបស់ក្រុមសេដ្ឋវិទូទៅទៀត ដែលបានរំពឹងទុកថា អត្រាអតិផរណានឹងកើនដល់ត្រឹម ៩.៨ភាគរយ នៅក្នុងខែកក្កដា។

លើកចុងក្រោយបំផុត ដែលចក្រភពអង់គ្លេស មើលឃើញអត្រាអតិផរណា កើនដល់កម្រិតលេខ២ខ្ទង់បែបនេះ គឺកាលពីខែកុម្ភៈ ឆ្នាំ១៩៨២។ បើតាមការិយាល័យស្ថិតិជាតិអង់គ្លេស កំណើនអតិផរណាខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍បែបនេះ គឺត្រូវបានជំរុញដោយ តម្លៃស្បៀងអាហារ និងតម្លៃថាមពល ជាចម្បង។

គួរបញ្ជាក់ថា បើតាមការព្យាករ របស់ធនាគារកណ្តាលនៃចក្រភពអង់គ្លេស អត្រាអតិផរណានេះ នឹងបន្តកើនដល់ជាង ១៣ភាគរយ នៅត្រឹមចុងឆ្នាំ២០២២នេះ ដែលជាអត្រាខ្ពស់បំផុត ក្នុងរយៈពេល៤២ឆ្នាំចុងក្រោយ មុនពេលថយចុះទៅវិញ ដល់អត្រា ២ភាគរយ ដែលជាអត្រាគោលដៅរបស់ ធនាគារកណ្តាលអង់គ្លេស នៅ២ឆ្នាំបន្ទាប់៕