(ប៉េកាំង)៖ ក្នុងការប្រយុទ្ធពុះពារឧបសគ្គដើម្បីលុបបំបាត់ភាពក្រីក្រ ប្រទេសចិនមានប្រជាជនក្រីក្រសរុបចំនួន ៩៨លាន ៩សែន ៩ម៉ឺននាក់ បានចេញផុតពីភាពក្រីក្រ ក្នុងនោះ មានប្រជាជនជាង៩លាន ៦សែននាក់ គឺសម្រេចនូវការចេញផុតពីភាពក្រីក្រ តាមរយៈគោលនយោបាយជួយជនក្រីក្រផ្លាស់ទីលំនៅ នេះគឺជាជម្លៀសផ្លាស់ប្តូរទីលំនៅមួយលើក ដែលមានក្របខ័ណ្ឌធំទូលាយបំផុត និងមានប្រជាជនច្រើនបំផុតចាប់តាំងពីប្រទេសចិនថ្មីបង្កើតឡើងមក ជម្លៀសដ៏មានឥទ្ធិពលធំទូលាយនេះ បាននាំមកនូវការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ នៅតាមព្រំដែនភាគនិរតីប្រទេសចិន ក្នុងស្រុក Fugong ខេត្ត Yunnan គឺមានទីជម្រកសម្រាប់ជម្លៀសចំនួន១៥កន្លែង។ ការផ្លាស់ប្តូររយៈពេល១០ឆ្នាំរបស់ភូមិក្រីក្រជាច្រើន ក្នុងស្រុកFugong ត្រូវបានកត់ត្រាតាមរយៈផ្កាយរណប ។

ភូមិTuopingនៅឆ្នាំ២០២១ ៖ អគារសម្រាប់ប្រជាជនស្នាក់នៅ ដែលមាន៦ជាន់ចំនួន៨ខ្នង ត្រូវបានសាងសង់ឡើង ទីធ្លាបាល់ទាត់មួយ ដែលបានបំផុសចំណង់ចំណូលចិត្តកីឡារបស់កុមារ សាលាមត្តេយ្យមួយ ត្រូវបានសាងសង់នៅកណ្តាលភូមិ ក្មេងៗចំនួន៦២នាក់បានដើរចូលក្នុងបន្ទប់រៀន ជាលើកទី១ដើម្បី ទទួលនូវការអប់រំ មូលដ្ឋាន 4G និងស្ពានធំលើទន្លេ Nujiangដែលទើបសាងសង់ថ្មី បានធ្វើឱ្យទូរគមនាគមន៍និងចរាចរណ៍ក្នុងភូមិ មានភាពងាយស្រួលដែលមិនធ្លាប់មានពីមុនមក។

ជួរភ្នំនិងទន្លេកាត់ផ្តាច់ចរាចរណ៍ បានប៉ះពាល់ដល់ប្រជាជនដែលរស់នៅក្បែរទន្លេ Nujiang ជាច្រើនជំនាន់។ រហូតដល់៤ឆ្នាំមុន ក្នុងតំបន់បានដំណើរការជម្លៀស ដើម្បីជួយជនក្រីក្រផ្លាស់ទីលំនៅទៅកន្លែងផ្សេង ទីបំផុតអ្នកភូមិឈ្មោះ Laoluo ដែលគ្រួសាររបស់គាត់ មានសមាជិក៧នាក់នៅភូម Tuoping បានរើចេញពីផ្ទះស្បូវ ដោយសម្រេចបំណងដើរចេញពី តំបន់ភ្នំនិងលុបបំបាត់ភាពក្រីក្រ របស់មនុស្សជាច្រើនជំនាន់។

ឥឡូវ Laoluo ដែលមានអាយុ៥៨ឆ្នាំបានក្លាយជា «ពូដឹកជញ្ជូនអីវ៉ាន់» ពេលទំនេរពីការងារកសិកម្ម។ Laoluo មិនធ្លាប់ទទួល ពិសោធន៍ល្បឿនរាប់សិបគីឡូម៉ែត្រ ក្នុងតែមួយម៉ោងនោះទេ ផ្ទះពីមុនរបស់លោកគឺនៅលើភ្នំ ចេញក្រៅម្តងត្រូវចំណាយពេល ពេញមួយថ្ងៃ។ ភូមិទាំងនេះនៅស្រុក Fugong មានខ្លះនៅទីតាំងមានរយៈកម្ពស់១៦០០ម៉ែត្រពីផ្ទៃទឹកសមុទ្រ មានខ្លះនៅទីតាំងមានរយៈកម្ពស់រហូតដល់ ២៥០០ម៉ែត្រពីផ្ទៃទឹកសមុទ្រ។ នៅឆ្នាំ២០១៨ អ្នកភូមិបានជម្លៀសពីលើភ្នំ ទៅរស់នៅជើងភ្នំ។ ទីជម្រកចំនួន១៥កន្លែងបានទទួល អ្នកភូមិជាង២ម៉ឺន២ពាន់នាក់ ស្មើនឹង១ភាគ៥នៃប្រជាជនសរុប របស់ស្រុកទាំងមូល។

មិនត្រឹមតែជាត្រើយទាំងសងខាងនៃទន្លេ Nujiang ប៉ុណ្ណោះទេ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសចិនបានដំណើរការជម្លៀស ដើម្បីជួយជនក្រីក្រដោយទ្រង់ទ្រាយធំ នៅតំបន់ជួរភ្នំ តំបន់មានបញ្ហាវាលខ្សាច់និង តំបន់ខ្ពង់រាបនិងតំបន់រងាបំផុត នៅភាគខាងលិច និងកណ្តាលរបស់ប្រទេសចិន។

នៅទូទាំងប្រទេសចិន ទីជម្រកដែលសាងសង់ឡើង សម្រាប់ជម្លៀសប្រហែលមាន ៣ម៉ឺន ៥ពាន់កន្លែង ជនក្រីក្រជាង៩លាន ៦សែននាក់ បានសម្រេចការផ្លាស់ប្តូរទីលំនៅ ដើម្បីចេញផុតពីភាពក្រីក្រ ។
រយៈពេល១០ឆ្នាំកន្លងទៅ ប្រជាជនមានជីវភាពក្រីក្រជាច្រើនជំនាន់ បានចាកចេញពីផ្ទះដីនិងផ្ទះស្បូវ និងទទួលបានជីវភាពដ៏ល្អប្រសើរ ក្នុងសម័យទំនើបតែម្តង៕

វិទ្យុមិត្តភាពកម្ពុជាចិន