(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បាននិយាយនៅថ្ងៃពុធនេះថា កិច្ចចរចាជាមួយកូរ៉េខាងជើង មិនគួរធ្វើឡើង ដើម្បីតែក្នុងន័យនយោបាយ ឬឱ្យតែល្អមើលនោះឡើយ ប៉ុន្តែវាគួរតែជាការចូលរួមចំណែកដល់ការស្វែងរកសន្តិភាព។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក យូន ធ្វើឡើងក្នុងសុន្ទរកថា នៅឯសន្និសីទ្ធសារព័ត៌មាននាឱកាសដែលលោកឡើងកាន់អំណាចបាន ១០០ថ្ងៃដំបូង អមជាមួយការអំពាវនាវជាថ្មីម្តងទៀតឲ្យកូរ៉េខាងជើង បញ្ចប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួន និងចាប់ផ្តើមការរំសាយអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងជំនួយ សេដ្ឋកិច្ចជាដំណាក់កាលៗ។

បើតាមលោក យូន ជាពិតណាស់ កូរ៉េខាងត្បូងមិនមែនជាអ្នកធានាសន្តិសុខឱ្យកូរ៉េខាងជើងនោះទេ ក្នុងករណីទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ្វីដែលទីក្រុងសេអ៊ូល អាចធានាបាននោះគឺទីក្រុងសេអ៊ូល មិនមានបំណងចង់ឲ្យមានការផ្លាស់ប្តូររបបដោយបង្ខំនៅកូរ៉េខាងជើងនោះឡើយ។

គួរបញ្ជាក់ថា ការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង គឺជាគោលនយោបាយការបរទេសដ៏សំខាន់មួយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ស្ទើរតែគ្រប់ជំនាន់ ប៉ុន្តែ អ្នកជំនាញជាច្រើនយល់ថាកូរ៉េខាងជើងនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ព្រោះថាអាវុធនេះគឺជាអាយុជីវិតនៃរបបដឹកនាំគ្រួសារត្រកូលគីម នៅកូរ៉េខាងជើង៕