(វ៉ាស៊ីនតោន)៖ ការប្រជែងដណ្ដើមឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងចិនកាន់តែឡើងកម្ដៅខ្លាំងនៅក្នុងតំបន់ប៉ាស៊ីហ្វិក ក្នុងបរិបទដែលមហាអំណាចទាំង២ កំពុងរួសរាន់ចាក់ឬសឥទ្ធិពលរៀងៗខ្លួននៅក្នុងតំបន់ ហើយដើម្បីអាចធ្វើបែបនេះបាន អ្វីដែលអាមេរិក និងចិន ត្រូវការបំផុតនោះគឺ «សម្ព័ន្ធមិត្ត»។ ទាំង អាមេរិក និងចិនសុទ្ធតែបានព្យាយាមបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក តាមរយៈការទិញទឹកចិត្ត ក្នុងនោះរួមមានការផ្ដល់កម្ចី ជំនួយសន្តិសុខ និងជំនួយអភិវឌ្ឍន៍នានា។

ការប្រជែងឥទ្ធិពលរវាងអាមេរិក និងចិនបានឡើងកម្ដៅកាន់តែខ្លាំងចាប់តាំងពីខែមេសាកន្លងទៅមក បន្ទាប់ប្រទេសដែនកោះសូឡូម៉ុនបានចុះហត្ថលេខាងលើ កិច្ចព្រមព្រៀងសន្តិសុខជាមួយចិន ជាកិច្ចព្រមព្រៀងដំបូងបំផុតដែលទីក្រុងប៉េកាំងសម្រេចបានជាមួយបណ្ដាប្រទេសក្នុងតំបន់ ហើយចាប់តាំងពីពេលនោះមក ដែរ អូស្ត្រាលី និងចិនបានបង្កើនយុទ្ធនាការការទូត ដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបំពេញទស្សនកិច្ចដ៏កម្រមួយមានរយៈពេលដល់ទៅ ៨ថ្ងៃ ទៅកាន់បណ្ដាប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក កាលពីខែឧសភា រីឯរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផែននី វ៉ុង (Penny Wong) បានបំពេញ ទស្សនកិច្ចនៅតំបន់ប៉ាស៊ីហ្វិកដល់ ៤លើក ក្នុងរយៈពេលត្រឹម២ខែប៉ុណ្ណោះ។

ប៉ាស៊ីហ្វិកជាមហាសមុទ្រធំបំផុតនៅលើពិភពលោក និងមានព្រំដែនជាប់សហរដ្ឋអាមេរិក ជប៉ុន រុស្ស៉ី និងស៊ីលី។ ប៉ុន្តែ នៅពេលគេនិយាយដល់ពាក្យប្រជាជាតិ ប៉ាស៊ីហ្វិក នោះគឺគេចង់សំដៅទៅលើប្រទេសដែនកោះចំនួន១៤ រួមមាន ប៉ាពូអាស៊ី នូវែលហ្គីណេ ហ្វីជី សូឡូម៉ុន វ៉ានូអាទូ សាម៉ៅ និងគីរីបាទី ជាដើម។ ក្នុងចំណោមប្រទេសដែនកោះទាំងនេះ មានមួយចំនួនធំបានអនុវត្តគោលនយោបាយការបរទេស «គ្មានសត្រូវ និងចាត់ទុកប្រទេសទាំងអស់នៅក្នុង ពិភពលោកជាមិត្ត»។ ក៏ប៉ុន្តែ ពួកគេមានទំនាក់ទំនងយូរអង្វែងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ នោះគឺអូស្ត្រាលី និងនូវែលសេឡង់ ហើយដែលប្រទេសទាំង២នេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំនៃប្រទេសដែនកោះប៉ាស៊ីហ្វិក អស់រយៈពេលរាប់ទសវត្សរ៍មកហើយដែរ ក៏ដូចជាស្ថិត នៅក្នុងចំណោមប្រទេសចំនួន៧ ជាស្ថាបនិកនៃវេទិកាដែនកោះប៉ាស៊ីហ្វិក (Pacific Islands Forum) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧១។

អស់រយៈពេលជាងកន្លះស.វមកនេះ អូស្ត្រាលី និងនូវែលសេឡង់ បានផ្ដល់ជំនួយអភិវឌ្ឍន៍ ការគាំទ្រនយោបាយ និងសន្តិសុខនៅក្នុងស្រុកយ៉ាងច្រើន សន្ធឹកសន្ធាប់ដល់ប្រទេសដែនកោះប៉ាស៊ីហ្វិក។ តួយ៉ាង នៅពេលមានអំពើហិង្សាបង្កឡើងភាពតានតឹងនយោបាយផ្ទុះឡើង ក្នុងប្រទេសដែនកោះសូឡូម៉ុន កាលពីឆ្នាំ២០០៣ អូស្ត្រាលីបានដឹកនាំកម្លាំងប៉ូលិសនៅក្នុងតំបន់ធ្វើអន្តរាគមន៍ជួយស្ដារសណ្ដាប់ធ្នាប់ឡើងវិញ។ លើសពីនេះទៅទៀត បើតាមវិទ្យាស្ថាន Lowy Institute អូស្ត្រាលីបានផ្ដល់ជំនួយអភិវឌ្ឍន៍ជាង ១០ពាន់លានដុល្លារដល់តំបន់ប៉ាស៊ីហ្វិក នៅចន្លោះពីឆ្នាំ២០០៩ និងឆ្នាំ២០១៩ ពោលគឺច្រើនជាង ប្រទេសណាៗទាំងអស់ ហើយនូវែលសេឡង់បានផ្ដល់ជំនួយជាង ២ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ។

តែទោះបែបនេះក្ដី វិទ្យាស្ថាន Lowy Institute បានឱ្យដឹងថាចិនបានលេខមុខឡើងក្នុងនាមជាដៃគូថ្មីមួយដ៏សំខាន់នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដោយចាប់តាំងពី ឆ្នាំ២០០៩មក ចិនបានក្លាយជាអ្នកផ្ដល់កម្ចីធំបំផុតដល់បណ្ដាប្រទេសដែនកោះប៉ាស៊ីហ្វិក គិតជាសរុប ៧ពាន់លានដុល្លារ។ ម្លោះហើយហេតុអ្វីបានជាចិនផ្ដល់ ជំនួយលួងលោមចិត្តប្រទេសដែនកោះទាំងនេះ? ហើយតើតំបន់ប៉ាស៊ីហ្វិក មានសារៈសំខាន់ប៉ុនណាសម្រាប់ចិន និងសហរដ្ឋអាមេរិក? សម្រាប់ចិន ដើម្បី ពង្រីកឥទ្ធិពល និងមានទឹកមាត់ប្រៃ នៅក្នុងស្ថាប័នអន្តរជាតិដូចជាអង្គការសហប្រជាជាតិ ច្បាស់ណាស់ចិនត្រូវការសម្ព័ន្ធមិត្តដែលអាចគាំទ្រ ជំហរនយោបាយ របស់ខ្លួន។ ខណៈសហរដ្ឋអាមេរិកអាចស្វែងរកការគាំទ្រពីបណ្ដាប្រទេសអឺរ៉ុប អាស៊ីបូព៌ា និងអាមេរិកខាងជើង ចិនក៏កំពុងស្វែងរកសម្ព័ន្ធមិត្តដូចគ្នានេះដែរ នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីអាចមានមិត្តដែលគាំទ្រ ឬឈរនៅខាងចិន នៅពេលមានជម្លោះ ឬវិបត្តិអន្តរជាតិណាមួយកើតឡើង។

មិនតែប៉ុណ្ណោះមានរឿង ២សំខាន់ទៀតដែលចិនត្រូវការចាំបាច់។ ម្យ៉ាង នៅក្នុងចំណោមប្រទេសចំនួន១៤ ដែលនៅតែបន្តរក្សាទំនាក់ទំនងការទូតផ្លូវការ ជាមួយតៃវ៉ាន់ មាន៤ ជាប្រទេសដែនកោះប៉ាស៊ីហ្វិក ដូចជាប៉ាលូ ណូរុ ទូវ៉ាលូ និងប្រទេសដែនកោះម៉ាសាល់។ ចិនបានចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយបានប្រើការទូត និងអំណាចសេដ្ឋកិច្ច ធ្វើឱ្យតៃវ៉ាន់ឯកោ តាមរយៈបញ្ចុះបញ្ចូលប្រទេសទាំងនោះផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់។ ជាឧទាហរណ៍ កាលពី ឆ្នាំ២០១៩ ប្រទេសដែនកោះប៉ាស៊ីហ្វិកចំនួន២ ក្នុងនោះរួមមានទាំងសូឡូម៉ុន បានផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។