(សិង្ហបុរី)៖ មេបញ្ជាការកំពូលមួយរូប នៃយោធាសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា ការសម្រេចចិត្តរបស់ចិន ក្នុងការធ្វើសមយុទ្ធបាញ់មីស៉ីល ឱ្យហោះរំលងពីលើកោះតៃវ៉ាន់ នាពេលថ្មីៗនេះ គឺជាបញ្ហាជាក់ស្តែងបំផុត ដែលចាំបាច់ត្រូវតែ មានការទប់ស្កាត់។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។

ឆ្លើយតបនឹងដំណើរទស្សកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី និងគណៈប្រតិភូ ទីក្រុងប៉េកាំងបានធ្វើសមយុទ្ធដែនអាកាស និងសមុទ្រទ្រង់ទ្រាយធំ ដែលរួមមានទាំងការបាញ់មីស៉ីលផ្លោងជាច្រើន ហោះពីលើកោះតៃវ៉ាន់ជាដើម។

មេបញ្ជាការកងនាវា 7th Fleet របស់អាមេរិកលោក ខាល ថូម៉ាស់ (Karl Thomas) បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្នុងប្រទេសសិង្ហបុរី យ៉ាងដូច្នេះថា «វាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងត្រូវតែទប់ស្កាត់ សកម្មភាពប្រភេទនេះ។ បញ្ហាជាក់ស្តែងបំផុតនៅចំពោះមុខ គឺការបាញ់មីស៉ីលរំលងតៃវ៉ាន់ ប្រសិនបើយើងបណ្តោយឲ្យវាកើតឡើង ដោយពុំមានការព្យាយាមទប់ស្កាត់នោះ ប្រាកដណាស់ថា សកម្មភាពបែបនេះនឹងក្លាយទៅជារឿងធម្មតាមួយ នៅពេលក្រោយ ជាក់ជាមិនខានឡើ ។ នេះជាសកម្មភាពដែលគ្មានទំនួលខុសត្រូវរបស់ចិន នៅឯតំបន់ដែនទឹកអន្តរជាតិ ដែលជាច្រកផ្លូវដឹកជញ្ជូនដ៏សំខាន់»

គួរបញ្ជាក់ថា កងនាវា 7th Fleet របស់សហរដ្ឋអាមេរិក គឺមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន និងជាផ្នែកស្នូលនៃវត្តមានកងទ័ពជើងទឹករបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់ប៉ាស៊ីហ្វិក៕