(ហូឡង់)៖ តុលាការប្រទេសហូឡង់ ដែលបើកសវនាការកាត់ទោសឃាតកម្មលើជនសង្ស័យចំនួន ៤នាក់ ក្នុងការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពីឆ្នាំ ២០១៤ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងប្រកាសសាលក្រមនៅថ្ងៃទី១៧ ខែវិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។

រដ្ឋអាជ្ញាបាននិយាយថា ចុងចោទជនជាតិអ៊ុយក្រែនម្នាក់ និងជនជាតិរុស្សីបីនាក់ ដែលសុទ្ធសឹងជាក្រុមធំពីរ បានជួយផ្គត់ផ្គង់ប្រព័ន្ធរ៉ុក្កែតដល់ក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ី ដែលបានបាញ់រយន្តហោះ MH17 កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ហើយមនុស្ស២៩៨នាក់នៅលើយន្តហោះត្រូវបានសម្លាប់។

រដ្ឋអាជ្ញាកំពុងស្វែងរកការផ្តន្ទាទោសមួយជីវិត ចំពោះជនសង្ស័យទាំងអស់នោះ។

គួរបញ្ជាក់ថា យន្ដហោះដឹកអ្នកដំណើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ផ្ទុកមនុស្ស២៩៨នាក់មានទាំងអ្នកដំណើរ និងក្រុមអាកាសយានិក ត្រូវបានគេបាញ់ទម្លាក់នៅឯតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីខែកក្កដា ឆ្នាំ២០១៤។ បណ្ដាប្រទេស និងក្រុមអ្នកជំនាញលោកខាងលិចបានចោទថា ក្រុមឧទ្ទាមផ្ដាច់ទឹកដីក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលប្រភេទ BUK ដែលផលិតដោយរុស្ស៊ីបាញ់ទម្លាក់យន្ដហោះមួយនេះ។ ប៉ុន្តែទីក្រុងម៉ូស្គូ បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ៕