(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានច្រានចោលការលើកឡើងដែលថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងពេលឆាប់ៗខាងមុខនេះ គឺជាសញ្ញាបង្ហាញថាសហរដ្ឋអាមេរិកកំពុងបាត់បង់ឥទ្ធិពលក្នុងតំបន់មជ្ឈិមបូព៌ា ជាមួយការទទូចថាអាមេរិកនឹងមិនបោះបង់ចោលតំបន់នេះឡើយ។ នេះបើតាមការដកស្រង់ចេញផ្សាយចេញពីសារព័ត៌មាន CNBC នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២២។

លោក ធីម លែនឌឺឃីង (Tim Lenderking) ជាបេសកជនពិសេសអាមេរិក សម្រាប់ប្រទេសយេម៉ែន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CNBC អមដោយការសង្កត់ធ្ងន់បន្ថែមថាដំណើរទស្សនកិច្ចការទូតរបស់មេដឹកនាំនៃប្រទេសជាមហាអំណាច ទៅកាន់ប្រទេសណាមួយ វាមិនមែនជារឿងចម្លែកនោះទេ ប៉ុន្តែ សហរដ្ឋអាមេរិក បានប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់មជ្ឈិមបូព៌ារួចហើយ តាមរយៈដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីខែកក្កដាកន្លងទៅ។

គួរបញ្ជាក់ ថា នៅក្នុងសប្ដាហ៍នេះ មានសេចក្ដីរាយការណ៍ថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅសប្ដាហ៍ក្រោយ ដើម្បីជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន។ ប៉ុន្តែ ទាំងខាងក្រសួងការបរទេសចិន និងអារ៉ាប៊ីសាអូឌីត មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍នេះឡើយ៕