(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាទាហានរបស់លោកកំពុងកំណត់គោលដៅវាយប្រហារលើទាហានរុស្ស៉ី ដែលកំពុង កាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរមួយស្ថិតនៅភាគខាងត្បូងនៃប្រទេស ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងពីការលេចធ្លាយសារធាតុវិទ្យុសកម្ម ឬមហន្តរាយ នុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២។

នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ រុស្ស៉ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកជាបន្តបន្ទាប់ ជុំវិញការបាញ់ផ្លោងគ្រាប់រ៉ុក្កែតនៅក្បែរទីតាំង រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប។ រុស្ស៉ីបានដណ្ដើមកាន់កាប់រោងចក្រនុយក្លេអ៊ែរ នេះ នៅពេលសង្រ្គាមផ្ទុះឡើងដំបូង។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «រាល់ទាហានរុស្ស៉ីទាំងអស់ដែលបាន និងកំពុងប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរ ធ្វើជាខែលដើម្បីបាញ់ផ្លោង គួរតែដឹងថាពួកគេអាចនឹងក្លាយជាគោលដៅពិសេស សម្រាប់ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ និងទាហានរបស់យើង»។ ក៏ប៉ុន្តែ លោក ហ្សេលេនស្គី មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែចោទប្រកាន់ជាថ្មីថារុស្ស៉ីកំពងប្រើប្រាស់ រោងចក្រនុយក្លេអ៊ែរជាការសម្លុតគំរាមនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ប្រមុខអង្គការសហប្រជាជាតិ ធ្លាប់បានព្រមានពីគ្រោះមហន្តរាយនុយក្លេអ៊ែរ ដោយសារតែសកម្មភាពយោធានៅក្បែរទីតាំងរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា ហើយក៏បានអំពាវនាវឱ្យបញ្ឈប់ការបាញ់ផ្លោងដាក់គ្នានៅទីតាំងនេះផងដែរ៕