(មូស្គូ)៖ សារព័ត៌មានរុស្ស៉ី TASS ដោយផ្អែកលើប្រភពពីមន្រ្តីជាន់ខ្ពស់រុស្ស៉ីម្នាក់ បានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍នេះថា ទីក្រុងមូស្គូបានប្រាប់ទីក្រុងវ៉ាស៉ីនតោនរួចហើយថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងរងការខូចខាតធ្ងន់ធ្ងរ ហើយអាចនឹងត្រូវកាត់ផ្តាច់តែម្តង ប្រសិនបើភាគីរុស្ស៉ីត្រូវបានប្រកាសចាត់ទុកជា រដ្ឋគាំទ្រភេរវកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។

លោក អាឡិចសាន់ដឺ ដាឈីយេវ (Alexander Darchiyev) ដែលជាមន្រ្តីទទួលបន្ទុកកិច្ចការអាមេរិក នៅឯក្រសួងការបរទេសរុស្ស៉ី បាននិយាយថា ប្រសិនបើព្រឹទ្ធសភាអាមេរិកសម្រេចអនុម័ត លើការប្រកាសចាត់ទុករុស្ស៉ីជារដ្ឋគាំទ្រភេរវកម្ម នោះវានឹងមានន័យថា ទីក្រុងវ៉ាស៉ីនតោនឈានជើងឆ្លងចំណុចមួយ ដែលមិនអាចត្រឡប់ក្រោយវិញឡើយ។

កាលពីខែកក្កដាកន្លងទៅ សមាជិកព្រឹទ្ធសភាអាមេរិក២រូប ដែលព្យាយាមចង់ឱ្យមានការអនុម័តច្បាប់មួយ ដែលប្រកាសចាត់ទុករុស្ស៉ីជា រដ្ឋគាំទ្រភេរវកម្ម បានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy)។

លោក ដាឈីយេវ បានលើកឡើងថា ប្រសិនបើសេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានអនុម័តមែននោះ វានឹងបង្កការខូចខាតធ្ងន់ធ្ងរជាទីបំផុត ចំពោះទំនាក់ទំនងទ្វេភាគី ដែលអាចឈានដល់ការបន្ទាបកម្រិតទំនាក់ទំនង ឬមួយក៏ត្រូវកាត់ផ្តាច់ចោលតែម្តង។ មន្រ្តីជាន់ខ្ពស់រុស្ស៉ីរូបនេះ បានសង្កត់ធ្ងន់ថា ភាគីអាមេរិកគឺត្រូវបានព្រមានអំពីរឿងនេះរួចហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សភានៃប្រទេសឡេតូនី ទើបតែបានប្រកាសជាផ្លូវការ ចាត់ទុកប្រទេសរុស្ស៉ីជារដ្ឋគាំទ្រភេរវកម្ម ពាក់ព័ន្ធនឹងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ហើយបានអំពាវនាវឱ្យក្រុមសម្ព័ន្ធមិត្តលោកខាងលិច បន្តដាក់ទណ្ឌកម្មកាន់តែគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទៅលើទីក្រុងមូស្គូ៕