(ហ្សាកាតា)៖ ទាហានអាមេរិក ឥណ្ឌូនេស៊ី និងអូស្ត្រាលី បានចូលរួមសមយុទ្ធបាញ់គ្រាប់ពិតកាលពីថ្ងៃសុក្រ ដែលជាផ្នែកនៃសមយុទ្ធប្រយុទ្ធរួមគ្នាប្រចាំឆ្នាំនៅលើកោះស៊ូម៉ាត្រា ចំពេលមានការកើនឡើងសកម្មភាពយោធា នៅដែនសមុទ្រចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។

សមយុទ្ធនៅឆ្នាំនេះមានសកម្មយុទ្ធជាង ៥,០០០នាក់បានចូលរួម ដែលមកពីសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី អូស្ត្រាលី ជប៉ុន និងសិង្ហបុរី ដែលជាសមយុទ្ធដ៏ធំបំផុតចាប់តាំងពីវាបានចាប់ផ្តើមក្នុងឆ្នាំ២០០៩។

សមយុទ្ធដែលបានពង្រីកខ្លួននេះត្រូវបានចិនមើលឃើញថា ជាការគំរាមកំហែង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានកសាងសម្ព័ន្ធភាពឥណ្ឌូប៉ាស៊ីហ្វិកស្រដៀងនឹងអង្គការណាតូ ដើម្បីទប់ស្កាត់ឥទ្ធិពលយោធា និងការទូតដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។

ចក្រភពអង់គ្លេស កាណាដា បារាំង ឥណ្ឌា ម៉ាឡេស៊ី កូរ៉េខាងត្បូង នូវែលសេឡង់ ប៉ាពួញូហ្គីណេ និងទីម័រខាងកើត ក៏បានបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមសមយុទ្ធ ដែលបានចាប់ផ្តើមនៅដើមខែនេះ៕