(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានលុបចោលនូវពាក្យសន្យាដែលថានឹងមិនបញ្ជូនកងទ័ព ឬក្រុមមន្ត្រីរបស់ខ្លួនឱ្យទៅគ្រប់គ្រងកោះតៃវ៉ាន់ឡើយ នៅក្នុងករណីដែលទីក្រុង ប៉េកាំង អាចកាន់កាប់កោះតៃវ៉ាន់ ដែលនេះជាសញ្ញាបង្ហាញពីការសម្រេចចិត្តរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ក្នុងការកាត់បន្ថយស្វ័យភាពដែលទីក្រុងប៉េកាំង ធ្លាប់សន្យាផ្ដល់ឱ្យតៃវ៉ាន់កន្លងមក។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។

ការបញ្ជាក់ខាងលើរបស់ចិន ធ្វើឡើងនៅក្នុងសៀវភៅសស្ដីពីកោះតៃវ៉ាន់ ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ក្រោយបិទបញ្ចប់ការសមយុទ្ធយោធារបស់ខ្លួន ព័ទ្ធជុំវិញកោះតៃវ៉ាន់ឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី។ នៅក្នុងសៀវភៅសនេះដដែល យោធាចិន នៅតែបញ្ជាក់ឡើងវិញដដែលនូវលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់ក្នុងករណីចាំបាច់ ហើយថាខ្លួននឹងតាមដានជានិច្ចចំពោះការផ្លាស់ប្ដូរស្ថានការណ៍ នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។

«ប្រតិបត្តិការយោធារួមគ្នារបស់យើងនៅក្នុងតំបន់សមុទ្រ និងអាកាសបានបញ្ចប់ទៅប្រកបដោយប្រសិទ្ធភាព ហើយកងម្លាំងរបស់យើងនឹងបន្តតាមដានការផ្លាស់ប្តូរស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់...យើងនឹងប្រឹងប្រែងបង្រួបបង្រួមជាមួយតៃវ៉ាន់ដោយសន្តិវិធី តែយើងក៏មិនបោះបង់ចោលជម្រើសប្រើកម្លាំងយោធានោះដែរ នៅក្នុងករណីចាំបាច់»។ នេះជាការបញ្ជាក់របស់យោធាចិន នៅក្នុងសៀវសរបស់ខ្លួន។

គួរបញ្ជាក់ថា នៅក្នុងសៀវសស្ដីពីតៃវ៉ាន់ ចេញផ្សាយកាលពីឆ្នាំ១៩៩៣ និងឆ្នាំ២០០០ ចិនបានសន្យាថានឹងមិនបញ្ជូនកងទ័ព ឬក្រុមមន្ត្រីរបស់ខ្លួនឱ្យទៅគ្រប់គ្រងកោះ តៃវ៉ាន់ ជំនួសអាជ្ញាធរតៃវ៉ាន់ឡើយ ប្រសិនបើទីក្រុងប៉េកាំងសម្រេចបានការបង្រួបបង្រួមជាមួយតៃវ៉ាន់ដោយសន្តិវិធី ឬដោយកម្លាំងយោធានៅថ្ងៃណាមួយ៕