(ប៉េកាំង)៖ ទីបំផុតយោធាចិនបានប្រកាសបិទបញ្ចប់ទៅវិញ នូវការធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដែលបានប្រព្រឹត្តទៅជិត១សប្តាហ៍ មកហើយ នៅជុំវិញកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។

កងកម្លាំងយោធាចិនភូមិភាគខាងកើត បានប្រកាសពីដំណឹងខាងលើ តាមរយៈបណ្តាញសង្គមចិន វ៉ីប៉ូ (Weibo) ដោយនិយាយថា ខ្លួនសម្រេចបានដោយជោគជ័យនូវកិច្ចការជាច្រើន កំលុងសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ ច្រើនថ្ងៃមកនេះ។ បើតាមការអះអាង របស់យោធាចិន ទោះបីសមយុទ្ធបិទបញ្ចប់ទៅក៏ដោយ កងទ័ពចិននឹងបន្តតាមដានយ៉ាងដិតដល់ទៅលើ ការប្រែប្រួលផ្សេងៗនៃ ស្ថានការណ៍នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយនឹងធ្វើការល្បាតជាប្រចាំនៅក្បែរៗកោះតៃវ៉ាន់ ព្រមទាំងបន្តការហ្វឹកហាត់យោធា ដើម្បីត្រៀមលក្ខណៈជាប់ជានិច្ច ក្នុងការប្រយុទ្ធ។

គួរបញ្ជាក់ថា ចិនបានចាប់ផ្តើមការធ្វើសមយុទ្ធយោធាបំផុតមិនធ្លាប់មាន នៅជុំវិញតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ បន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) បានបំពេញទស្សនកិច្ចនៅដែនកោះនេះ ដោយមិនខ្វល់ពីការព្រមានរបស់ចិន ខណៈដែលតៃវ៉ាន់ ត្រូវបានចិនចាត់ទុកជាផ្នែកមួយប៉ុណ្ណោះ នៃដែនដីរបស់ខ្លួន៕