(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានចុះហត្ថលេខាលើឯកសារផ្តល់សច្ចាប័នរបស់សហរដ្ឋអាមេរិក ដល់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលជាសមាជិករបស់អង្គការណាតូ (NATO) ដែលជាជំហានថ្មីមួយទៀតដើម្បីបញ្ជាក់គាំទ្រចំពោះ ការពង្រីកសម្ព័ន្ធភាពលោកខាងលិច ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។

កំលុងពេលចុះហត្ថលេខានោះ លោក បៃដិន បាននិយាយថា ប្រទេសនៅអឺរ៉ុបខាងជើងទាំងពីរនឹងក្លាយជា «សម្ព័ន្ធមិត្តថ្មីដ៏រឹងមាំ និងអាចទុកចិត្តបាន» ដោយបង្កើតឲ្យមាន «ការប្តេជ្ញាចិត្តយ៉ាងមុតមាំ» ចំពោះការការពារគ្នាទៅវិញទៅមកនៃសម្ព័ន្ធភាពអន្តរអាត្លង់ទិក ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

លោក បៃដិន ក៏បានថ្លែងការកោតសរសើរចំពោះហ្វាំងឡង់ និងស៊ុយអែតផងដែរ ដោយដូច្នេះថា «ប្រទេសទាំងពីរមានស្ថាប័នប្រជាធិបតេយ្យរឹងមាំ យោធារឹងមាំ សេដ្ឋកិច្ចរឹងមាំ និងមានតម្លាភាព ដែលឥឡូវនេះនឹងត្រូវបានជំរុញអង្គការណាតូបន្ថែមទៀត»

គួរបញ្ជាក់ថា កាលពីដើមខែសីហានេះ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតគាំទ្រក្នុងសំឡេង ៩៥ ទល់ ១សំឡេងជំទាស់ចំពោះការចូលជា សមាជិកអង្គការណាតូ ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសទី២៣ ក្នុងចំណោមប្រទេសទាំង៣០ ដែលផ្តល់ការយល់ព្រមជាផ្លូវការ ខណៈរាល់សមាជិកភាពថ្មីរបស់ NATO ត្រូវតែមានការគាំទ្រជាឯកច្ឆន្ទពីប្រទេសជាសមាជិករបស់ខ្លួនទាំងអស់៕