(ហ្សឺណែវ)៖ ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារសប្ដាហ៍នេះបានរាយការណ៍ពីភស្ដុតាងជាច្រើននៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងនោះរួមមានទាំងការសម្លាប់ ការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទ ដែលត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។

បើតាមក្រុមអ្នកស៊ើបអង្កេត UN សម្រាប់មីយ៉ាន់ម៉ា ស្ត្រី និងកុមារក៏ក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិផងដែរ។ ក្រុមអ្នកស៊ើបអង្កេតដដែល បានគូសបញ្ជាក់ដូច្នេះថា «មានភស្តុតាងជាច្រើនអាចបញ្ជាក់បានថាចាប់តាំងពីយោធាដណ្ដើមអំណាចចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មានឧក្រិដ្ឋជាច្រើនត្រូវ បានប្រព្រឹត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានលក្ខណៈជាប្រព័ន្ធប្រឆាំងនឹងប្រជាជនស៊ីវិល»

យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយបណ្ដេញរដ្ឋាភិបាលស៊ីវិលពីអំណាច និងចាប់ខ្លួនលោកស្រី អោង សានស៊ូជី ព្រមទាំងមន្ត្រីជាច្រើននាក់នៅក្នុងជួររដ្ឋាភិបាល និងគណបក្សរបស់លោកស្រី។ ដោយឡែក បើតាមក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុក មនុស្ស ច្រើនជាង ២,១០០នាក់ ត្រូវបានសម្លាប់ និងជិត១៥,០០០នាក់ ត្រូវបានចាប់ឃុំខ្លួន៕