(វ៉ាស៉ីនតោន)៖ កងទ័ពជើងទឹកអាមេរិកបានឱ្យដឹងថា ខ្លួនបានរកឃើញនិងស្រង់ចេញពីទឹកមកវិញហើយ នូវយន្តហោះចម្បាំង F-18 Super Hornet ដែលបានរអិលធ្លាក់ពីនាវាផ្ទុកយន្តហោះចម្បាំង ក្រោមអាកាសធាតុដ៏អាក្រក់ខ្លាំង រួចលិចចូលទៅក្រោមផ្ទៃសមុទ្រមេឌីទែរ៉ាណេ ជម្រៅរាប់ពាន់ម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២២។

យោធាជើងទឹកអាមេរិកបានអះអាងថា យន្តហោះចម្បាំង F/A-18E Super Hornet នោះ ត្រូវបានរកឃើញ និងស្រង់ចេញពីទឹកវិញ នៅជម្រៅប្រហែលជិត ៣,០០០ម៉ែត្រ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ បន្ទាប់មក យន្តហោះចម្បាំងនោះ ត្រូវបានដឹកជញ្ជូនទៅកាន់ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ ហើយវានឹងត្រូវបញ្ជូនត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ ក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍ដំបូង របស់កងទ័ពជើងទឹកអាមេរិក យន្តហោះចម្បាំងខាងលើ បានរអិលធ្លាក់ចេញពី នាវាផ្ទុកយន្តហោះចម្បាំង USS Harry Truman នៅតំបន់សមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី៨ ខែកក្កដា។ ពេលនោះ យោធាអាមេរិក មិនបានផ្តល់ព័ត៌មានលម្អិតច្រើននោះទៀត ដោយគ្រាន់តែថា នាវិកម្នាក់បានរងរបួសស្រាល ហើយយន្តហោះទាំងអស់នៅលើនាវា នៅតែអាចបំពេញបេសកកម្មផ្សេងៗ បានយ៉ាងពេញលេញ៕