(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាមានទំហំ ១ពាន់លានដុល្លារបន្ថែម ដល់ប្រទេសអ៊ុយក្រែន ដែលរួមបញ្ចូលទាំងគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ និងរថពាសដែកដឹកជញ្ជូនសម្ភារវេជ្ជសាស្រ្ត។ នេះបើយោងតាម ការដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២។

នេះជាកញ្ចប់ជំនួយថ្មីចុងក្រោយបង្អស់ ដែលទីក្រុងវ៉ាស៉ីនតោនផ្តល់ឲ្យអ៊ុយក្រែន។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters កញ្ចប់ជំនួយខាងលើនេះរួមមានគ្រាប់រំសេវ សម្រាប់ប្រព័ន្ធមីស៉ីល HIMARS គ្រាប់សម្រាប់ប្រព័ន្ធបាញ់មីស៉ីល NASAMS និងរថពាសដែកដឹកជញ្ជូនសំភារៈពេទ្យ M113 រហូតដល់ ៥០គ្រឿង។

គួរបញ្ជាក់ថា ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក៏បានសន្យាថានឹងផ្តល់ជំនួយជាថវិការចំនួន ៤.៥ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ក្នុងការផ្តល់មូលនិធិជាតម្រូវការបន្ទាន់សម្រាប់រដ្ឋាភិបាល រួមទាំងការទូទាត់ប្រាក់សោធននិវត្តន៍សុខមាលភាពសង្គម និងថ្លៃថែទាំសុខភាពផងដែរ៕