(ប៉េកាំង)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅប្រទេសចិន បានទទួលមរណភាព នៅទីក្រុង គួនមីង (Kunming) ខណៈវាគឺជាលើកទី៤ហើយ ដែលអគ្គរដ្ឋទូតបរទេស បានស្លាប់នៅប្រទេសចិន ក្នុងរយៈពេល១ឆ្នាំ ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។

ក្រសួងការបរទេសមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសអំពីដំណឹងមរណភាព របស់ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាខាងលើ គឺលោក យូ មីយ៉ូ ថាន់ប៉េ (U Myo Thant Pe) ដែលត្រូវបានចុះផ្សាយបន្ត ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយរបស់មីយ៉ាន់ម៉ា នាថ្ងៃចន្ទនេះ។ ប៉ុន្តែនៅក្នុងនោះ ពុំមានការបញ្ជាក់អំពីមូលហេតុ នៃមរណភាពរបស់លោកឡើយ។ យ៉ាងណាក្តី បើតាមប្រភពពីក្រុមអ្នកការទូតនៅទីក្រុងប៉េកាំង និងសេចក្តីរាយការណ៍ព័ត៌មានមីយ៉ាន់ម៉ាជាភាសាចិន គឺលោកអគ្គរដ្ឋទូត ទំនងជាបានស្លាប់ដោយសារគាំងបេះដូង។

របាយការណ៍ព័ត៌មានក្នុងស្រុក បានអះអាងថា លោក យូ មីយ៉ូ ថាន់ប៉េ ត្រូវបានគេប្រទះឃើញលើកចុងក្រោយបំផុត កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ពេលលោកបានទៅជួបពិភាក្សាការងារ ជាមួយមន្រ្តីប្រចាំតំបន់ នៅខេត្តយូនណាន (Yunnan) ភាគនិរតីប្រទេសចិន ដែលនៅជាប់ព្រំប្រទល់ជាមួយ ប្រទេសមីយ៉ាន់ម៉ា។ ពាក់ព័ន្ធដំណឹងមរណភាពនេះ ខាងស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅប្រទេសចិន គឺមិនទាន់បានឆ្លើយតប ចំពោះសំណើសុំការផ្តល់អត្ថាធិប្បាយ នៅឡើយទេ។

លោក យូ មីយ៉ូ ថាន់ប៉េ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិន កាលពីចុងឆ្នាំ២០១៩ ហើយលោកបាននៅបន្តកាន់តំណែងដដែល ក្រោយការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខែកុម្ភៈ ឆ្នាំ២០២១។

គួរបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ បេសកជនកំពូលរបស់បរទេស ចំនួន៣នាក់ផ្សេងទៀត ក៏បានទទួលមរណភាព នៅក្នុងប្រទេសចិនផងដែរ។ កាលពីខែមេសា ឯកអគ្គរដ្ឋទូតហ្វីលីពីន លោក ចូសេ សាន់ទីអាហ្កោ ស្តា រ៉ូម៉ាណា (Jose Santiago Sta Romana) វ័យ៧៤ឆ្នាំ បានទទួលមរណភាព កំលុងពេលធ្វើចត្តាឡីស័កកូវីដ១៩ នៅខេត្ត អានហ៊ុយ (Anhui)។ រីឯកាលពីខែកុម្ភៈ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោក សឺហ្គី កាមីស្សេវ (Serhiy Kamyshev) វ័យ៦៥ឆ្នាំ បានស្លាប់ កំលុងទស្សនកិច្ចទៅកាន់ កន្លែងប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំង។ ចំណែក ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក ហាន ហេគកឺ (Jan Hecker) វ័យ៥៤ឆ្នាំ បានទទួលមរណភាព កាលពីខែកញ្ញា ឆ្នាំ២០២១ ក្រោយចូលកាន់តំណែងមិនបានដល់ ២សប្តាហ៍ឡើយ៕