(ប៉េកាំង)៖ ទីក្រុងប៉េកាំងនាថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួនសម្រេចផ្អាកជាបណ្តោះអាសន្ន នូវកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ក្នុងផ្នែកជាច្រើន រួមមានទាំងកិច្ចសន្ទនារវាងមេបញ្ជាការយោធាជាន់ខ្ពស់ របស់ប្រទេសទាំងពីរផងដែរ ដើម្បីជាការសងសឹកចំពោះ ដំណើរទស្សនកិច្ចក្នុងសប្តាហ៍ដោយ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) មកកាន់កោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។

តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ក្រសួងការបរទេសចិន បានឱ្យដឹងថា ក្រៅពីកិច្ចសន្ទនាយោធាកម្រិតខ្ពស់ ទីក្រុងប៉េកាំងក៏បានផ្អាកផងដែរ កិច្ចពិភាក្សាអំពីបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាកិច្ចសហប្រតិបតិ្តការ លើការទប់ស្កាត់បទល្មើសឆ្លងព្រំដែន, និងការធ្វើមាតុភូមិនិវត្តន៍ជនចំណាកស្រុកខុសច្បាប់ ជាដើម នៅក្នុងចំណោមចំណាត់ការជាក់លាក់សរុបចំនួន៨។ ក្នុងថ្ងៃដដែលនេះ ចិនក៏បានប្រកាសដាក់ទណ្ឌកម្មលើ លោកស្រី ផេឡូស៉ី និងសមាជិកគ្រួសាររបស់លោកស្រី ថែមទៀតផង។

គួរបញ្ជាក់ថា លោក ផេឡូស៉ី បានមកបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ កាលពីថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍នេះ បើទោះបីជាបានរង ការព្រមានម្តងហើយម្តងទៀត ពីរដ្ឋាភិបាលទីក្រុងប៉េកាំងក៏ដោយ។ វាគឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុត ដោយមន្រ្តីអាមេរិក នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ មកកាន់ដែនកោះនេះ ខណៈប្រទេសចិនចាត់ទុកតៃវ៉ាន់ ត្រឹមជាផ្នែកមួយប៉ុណ្ណោះនៃដែនដីរបស់ខ្លួន៕