(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក ចន ឃើប៊ី (John Kirby) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចពន្យារពេល ការបាញ់ធ្វើតេស្តមីស៉ីលផ្លោងអន្តរទ្វីប (ICBM) ប្រភេទ ម៉ៃនូតមាន ស្រ៉ី (Minuteman III) ដែលត្រូវបានគ្រោងទុកជាយូរមកហើយ ដើម្បីចៀសវាងបង្កើនភាពតានតឹង កាន់តែខ្លាំងថែមទៀត ជាមួយទីក្រុងប៉េកាំង ស្របពេលដែលចិនកំពុងតែធ្វើ សមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មាន នៅកៀកនឹងតៃវ៉ាន់បំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។

លោក Kirby បាននិយាយថា កងទ័ពអាកាសអាមេរិក បានរៀបចំផែនការជាយូរមកហើយ ដើម្បីគ្រោងធ្វើតេស្តបាញ់មីស៉ីលខាងលើ នៅក្នុងសប្តាហ៍នេះ ប៉ុន្តែឥឡូវការធ្វើតេស្តនឹងត្រូវលើកពេល ទៅកាន់កាលបរិច្ឆេទថ្មីវិញ ដោយលោកមិនបានបញ្ជាក់ឱ្យប្រាកដថា ពេលណានោះឡើយ។

លោក Kirby បានថ្លែងយ៉ាងដូច្នេះថា «ស្របពេលដែលចិនកំពុងធ្វើសមយុទ្ធយោធាយ៉ាងចាស់ដៃ នៅជុំវិញកោះតៃវ៉ាន់ សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសមហាអំណាចនុយក្លេអ៊ែរ ប្រកបដោយការទទួលខុសត្រូវ បានសម្រេចបង្ហាញអាកប្បកិរិយាផ្ទុយពីនោះវិញ គឺតាមរយៈការព្យាយាមកាត់បន្ថយហានិភ័យ នៃការគណនាខុស និងការយល់ច្រឡំផ្សេងៗ»

សេចក្តីថ្លែងការណ៍របស់លោកមន្រ្តីសេតវិមានរូបនេះ បានបន្តថា «យើងគិតថា វាមិនជារឿងល្អនោះទេសម្រាប់ពួកយើងផ្ទាល់ ក៏ដូចជាសម្រាប់តៃវ៉ាន់ និងតំបន់ទាំងមូល ក្នុងការបណ្តោយឱ្យភាពតានតឹង កើនឡើងខ្លាំងជាងពេលនេះទៅទៀត។ ហេតុនេះហើយ ទើបគម្រោងធ្វើតេស្តជាយូរមកហើយ នៃមីស៉ីលផ្លោងអន្តរទ្វីប Minuteman III ដែលគ្រោងប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ ត្រូវបានពន្យារពេល»

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចិនបានធ្វើសមយុទ្ធបាញ់ស្រោចមីស៉ីលរំលងតៃវ៉ាន់ ដើម្បីជាការឆ្លើយតបចំពោះ ដំណើរទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) ទៅកាន់ដែនកោះនេះ កាលពីថ្ងៃអង្គារ-ពុធសប្តាហ៍នេះ ដោយមិនខ្វល់ពីការព្រមានរបស់ទីក្រុងប៉េកាំង។ កោះតៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកមួយប៉ុណ្ណោះ នៃដែនដីរបស់ខ្លួន ហើយចិនមិនដែលបដិសេធជម្រើសចុងក្រោយ ក្នុងការបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ ដោយប្រើកម្លាំងយោធានោះឡើយ។

គួរបញ្ជាក់ថា កាលពីខែមេសា យោធាអាមេរិក ក៏បានលុបចោលផងដែរនូវ ការធ្វើតេស្តមីស៉ីល Minuteman III ក្រោមគោលបំណង បន្ធូរបន្ថយភាពតឹងអាវុធនុយក្លេអ៊ែរជាមួយរុស្ស៉ី ចំពោះមុខវិបត្តិសង្រ្គាមអ៊ុយក្រែន៕