(តៃប៉ិ)៖ ទីក្រុងតៃប៉ិនាថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា ការប្រើប្រាស់កម្លាំងយោធា នឹងមិនអាចដោះស្រាយបញ្ហា ឬភាពពុំចុះសម្រុងគ្នាបានឡើយ បន្ទាប់ពីចិនបានធ្វើការផ្លោងមីស៉ីល ទៅធ្លាក់នៅបរិវេណជុំវិញដែនកោះនេះ ក្នុងថ្ងៃដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។

សកម្មភាពបាញ់មីស៉ីលខាងលើ គឺជាផ្នែកនៃការធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដែលចិនបានប្រកាសឡើង ដើម្បីជាការឆ្លើយតប ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) នៅតៃវ៉ាន់ កាលពីថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍នេះ។

បន្ទាប់ពីសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន បានបញ្ចប់ទៅវិញ ក្រោយប្រព្រឹត្តទៅអស់រយៈពេលប៉ុន្មានម៉ោង ការិយាល័យតៃវ៉ាន់ទទួលបន្ទុក កិច្ចការចិនដីគោក បានចេញសេចក្តីថ្លែងការណ៍ថា សកម្មភាពយោធាទាំងនេះ នឹងមិនអាចផ្លាស់ប្តូរធាតុពិតជាក់ស្តែង ដែលថាភាគីទាំងពីរ គឺមិនអាចនៅជាមួយគ្នាបានឡើយ ហើយបានទទូចឱ្យគណបក្សកុម្មុយនិស្តចិន បញ្ឈប់ជាបន្ទាន់នូវការសម្លុតគំរាម មកលើតៃវ៉ាន់។

គួរបញ្ជាក់ថា យោងតាមការអះអាងរបស់ ក្រសួងការពារជាតិតៃវ៉ាន់ផ្ទាល់ កាលពីរសៀលថ្ងៃព្រហស្បតិ៍នេះ កងកម្លាំងយោធាចិន បានបាញ់ផ្លោងមីស៉ីលបាលីស្ទីគធុន ដុងហ្វេង (Dongfeng) សរុប១១គ្រាប់ មកធ្លាក់ចូលដែនទឹក នៅក្បែរឆ្នេរភាគខាងជើង ភាគខាងត្បូង និងភាគខាងកើត របស់កោះតៃវ៉ាន់។ វាគឺជាលើកដំបូងបំផុតហើយ ដែលទីក្រុងប៉េកាំង បានផ្លោងមីស៉ីលរំលងតៃវ៉ាន់ យ៉ាងដូច្នេះ៕