(សេអ៊ូល)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី មានផែនការបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េ ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរួមគ្នារវាងទីបញ្ជាការយោធា UN ដឹកនាំដោយសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន AP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួន ទទួលបានពីមន្ត្រីកូរ៉េខាងត្បូងម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ។ បើតាម AP ប្រសិនបើដំណើរ ទស្សនកិច្ចនេះកើតឡើងមែន លោកស្រី ផេឡូស៊ី នឹងក្លាយជាមន្ត្រីអាមេរិកជាន់ខ្ពស់ដំបូងម្នាក់ ដែលធ្វើដំណើរទៅកាន់តំបន់សន្តិសុខរួមគ្នា ឬគេស្គាល់ថាភូមិ ផានមុនជុម (Panmunjom) ចាប់តាំងពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើដំណើរទៅកាន់ទីនោះកាលពីឆ្នាំ២០១៩ ដើម្បីជួបដោយផ្ទាល់ជាមួយមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា លោកស្រី ណាន់ស៊ី ផេឡូស៊ី កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបញ្ចប់ទស្សនកិច្ចដ៏ចម្រូងចម្រាសនៅតៃវ៉ាន់ដែលបង្កការខឹង សម្បារដល់ចិន៕