(វ៉ាស៊ីនតោន)៖ ផែនការនៃដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ បាន និងកំពុងបង្កឱ្យមាន ភាពតាននឹងយ៉ាងខ្លាំងនៅឯតំបន់ច្រកសមុទ្រតៃវ៉ាន់ លាយឡំជាមួយនឹងពាក្យព្រមានដាក់គ្នាទៅវិញទៅមករវាងយោធាចិន និងយោធាអាមេរិក។ មកទល់នឹងម៉ោងនេះ គេមិនទាន់ស្ដាប់លឺចេញពីមាត់ផ្ទាល់របស់លោកស្រី ផេឡូស៊ី ថា តើលោកស្រីនឹងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដែរឬក៏យ៉ាងណាឡើយ?

ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដូចជា CNN ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា លោកស្រីប្រធានសភាតំណាងរាស្ត្រអាមេរិករូបនេះត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅដល់ទីក្រុងតៃប៉ិ នៅយប់ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២នេះ។

ប្រសិនបើដំណើរទស្សនកិច្ចខាងលើពិតជាកើតឡើងមែន នោះលោកស្រី ផេឡូស៊ី នឹងក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបានបំពេញទស្សនកិច្ច នៅតៃវ៉ាន់ ក្នុងរយៈពេលជាង ២៥ឆ្នាំមកនេះ។ កាលពីឆ្នាំ១៩៩៧ អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ញូ ហ្គីនគ្រីស (Newt Gingrich) បានបំពេញទស្សនកិច្ច នៅតៃវ៉ាន់ ហើយនៅពេលនោះលោកថែមទាំងព្រមានថ្នាក់ដឹកនាំចិនត្រង់ៗថា សហរដ្ឋអាមេរិកអាចនឹងធ្វើអន្តរាគមន៍យោធា បើចិនវាយប្រហារលើតៃវ៉ាន់ទៀតផង។ នៅកាលណោះ ចិនបានត្រឹមតែទប់កំហឹង ហើយបានត្រឹមតែរិះគន់លើលោក ហ្គីនគ្រីស តែប៉ុណ្ណោះ។

ប៉ុន្តែ ចិនឥលូវមិនមែនជាចិនកាលពី២៥ឆ្នាំមុនឡើយ ហើយក៏មិនមែនជាចិនអ្នកជំងឺអាស៊ីទៀតនោះដែរ។ នៅលើកនេះចិនដែលបច្ចុប្បន្នជាមហាអំណាចយោធាលេខ៣ នៅលើកពិភពលោក បានព្រមានត្រង់ៗថា នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្នុងនោះរួមមានទាំងយោធាផងដែរ ដែលការព្រមាននេះបាន និងកំពុងបង្កឱ្យមានការ ព្រួយបារម្ភផ្សេងៗគ្នានៅក្នុងចំណោមអ្នកវិភាគ ដោយអ្នកខ្លះថាដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី អាចនឹងបង្កទៅជាសង្រ្គាម ឬវិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី៤ រីឯអ្នកខ្លះទៀតថានឹងមិនអាចផ្ទុះសង្រ្គាមឡើយ។

ស្ថានការណ៍សព្វថ្ងៃមានភាពខុសគ្នាស្រឡះ។ ម្យ៉ាងនៅពេលនោះ ចិនមានយោធាទន់ខ្សោយនៅឡើយ ហើយម្យ៉ាងទៀតគម្រោងនៃដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ដែលជាអ្នកនយោបាយអាមេរិកម្នាក់ប្រឆាំងចិន កើតមានឡើងនៅចំពេលដែលថ្នាក់ដឹកនាំចិនមើលឃើញថា សហរដ្ឋអាមេរិកកំពុងដើរចេញកាន់តែឆ្ងាយពី គោលនយោបាយចិនតែមួយ តាមរយៈការបញ្ជូនមន្ត្រី និងអតីតមន្ត្រីរបស់ខ្លួនមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ជាបន្តបន្ទាប់។ តួយ៉ាងសូម្បីតែលោក បៃដិនផ្ទាល់ចាប់ឡើង កាន់តំណែងជាប្រធានាធិបតីមក ធ្លាប់បានលើកឡើងដល់ទៅ ៣ដងថា សហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាការពារតៃវ៉ាន់ រីឯ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានជំរុញត្រង់ៗឱ្យអាមេរិកគាំទ្រឯករាជ្យភាពតៃវ៉ាន់។

មិនតែប៉ុណ្ណោះ ក៏ធ្លាប់មានដែរការបែកធ្លាយព័ត៌មានថា យោធាអាមេរិកមានវត្តមាននៅលើទឹកដីតៃវ៉ាន់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីបណ្ដុះបណ្ដាលយោធាតៃវ៉ាន់។ ទាំងនេះសុទ្ធតែជាសកម្មភាពដែលចិនអាចបកប្រែថាជា «ការឆ្លងបន្ទាត់ក្រហម» ពាក់ព័ន្ធនឹងតៃវ៉ាន់។ កាន់តែសំខាន់ជាងនេះទៅទៀត លោក Gingrich ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់កាលពីឆ្នាំ១៩៩៧ គឺជាប្រធានសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សសាធារណរដ្ឋ តែរដ្ឋាភិបាលអាមេរិកដឹកនាំ ដោយអតីតប្រធានាធិបតី លោក ប៊ីល គ្លីនតុន មកពីគណបក្សប្រធិបតេយ្យ។ ប៉ុន្តែសព្វថ្ងៃទាំងលោកស្រី ផេឡូស៊ី និងលោក ចូ បៃដិន សុទ្ធតែជាមនុស្សក្នុងបក្សប្រជាធិបតេយ្យ ម្លោះហើយថ្នាក់ដឹកនាំចិនប្រហែលជាគិតថា គម្រោងទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ជាការឆ្លុះបញ្ចំងពីគោលនយោបាយសេតវិមានចំពោះចិន។

ដូច្នេះហើយ ទើបអ្នកជំនាញភាគច្រើនយល់ថា ចិនអាចនឹងចាត់វិធានការធ្ងន់ធ្ងរមិនធ្លាប់មាន។ ប៉ុន្តែអ្វីដែលគេគួរដឹងនោះគឺថាតើចិន និងសហរដ្ឋអាមេរិកបានត្រៀមខ្លួន រួចរាល់សម្រាប់សង្រ្គាមនៅតៃវ៉ាន់ ហើយឬនៅ? ជាការពិតណាស់ ផ្អែកលើកម្លាំងយោធាសព្វថ្ងៃ សហរដ្ឋអាមេរិកនៅតែមានប្រៀបជាងចិន តែសង្រ្គាមជាមួយចិន ក៏មិនប្រាកដថាអាមេរិកអាចនឹងឈ្នះ១០០ភាគរយនោះដែរ ហើយបញ្ហាចម្បងគឺស្ថិតនៅត្រង់សម្ព័ន្ធមិត្តអាមេរិក។ នៅពេលដែលគេនិយាយពីការធ្វើសង្រ្គាមរបស់អាមេរិក គេអាចនឹកឃើញភ្លាមពីសម្ព័ន្ធមិត្តអាមេរិក។ ប៉ុន្តែខណៈពិភពលោកកំពុងខ្វល់នឹងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន រីឯប្រទេសនីមួយៗកំពុងជាប់ដៃដោះស្រាយវិបត្តិ នៅក្នុងស្រុករៀងៗខ្លួន សហរដ្ឋអាមេរិកនឹងមិនអាចស្វែងរកការគាំទ្រដោយងាយៗពីសម្ព័ន្ធមិត្តរបស់ខ្លួនទេ។ នៅត្រង់ចំណុចនេះ គេអាចលើកយកអូស្ត្រាលីមកធ្វើជា ឧទាហរណ៍មុនគេ។ ទោះជាអូស្ត្រាលី ដែលស្ថិតនៅចម្ងាយជិះយន្ដហោះ៩ម៉ោងពីតៃវ៉ាន់ តែងតែគាំទ្រសហរដ្ឋអាមេរិក គ្រប់ពេលក៏ដោយតែការស្ទង់មតិចេញផ្សាយដោយ វិទ្យាស្ថាន Lowy Institute បានរកឃើញថា ៥៧ភាគរយនៃប្រជាជនអូស្ត្រាលីចង់ឱ្យប្រទេសរបស់ពួកគេស្ថិតនៅអព្យាក្រឹត្យ បើសង្រ្គាមរវាងចិន និងអាមេរិកផ្ទុះឡើង។

ចំណែកឯ ជប៉ុនវិញដែលនៅជិតចិនដែរនោះ ក៏ធ្លាប់បានបង្ហាញក្ដីបារម្ភដែរពីការផ្ទុះសង្រ្គាមជាមួយចិន ខណៈសិង្ហបុរីអាចនឹងអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់ធនធានដែល មានស្រាប់នៅទឹកដីខ្លួន តែនឹងមិនអនុញ្ញាតឱ្យយោធារបស់ខ្លួនប្រឡូកចូលក្នុងសង្រ្គាមដោយផ្ទាល់ឡើយ ស្របពេលថ្នាក់ដឹកនាំសន្តិសុខជាតិក្នុង ប្រទេសកូរ៉េខាងត្បូង ក៏អាចនឹងប្រឆាំងនឹងការប្រើប្រាស់កងទ័ពអាមេរិកនៅលើទឹកដីរបស់ពួកគេនៅក្នុងសង្រ្គាមដើម្បីតៃវ៉ាន់។ ដូចគ្នាដែរ ឥណ្ឌាអាចនឹងនិយាយថា វាមិនមែនជាបញ្ហារបស់ខ្ញុំទេ ដូចគោលជំហរសព្វថ្ងៃចំពោះសង្រ្គាមរុស្ស៉ី និងអ៊ុយក្រែន ហើយហ្វីលីពីននៅក្រោមការគ្រប់គ្រងរបស់លោក Marcos នៅតែមានទំនោរទៅរកចិន ដូចលោក ឌូតើតេដែរ ស្របពេលថៃ និងឥណ្ឌូណេស៊ី ក៏កំពុងមានទំនាក់ទំនងល្អជាមួយចិន រីឯម៉ាឡេស៊ី តែងតែប្រកាន់យកជំហរមិនចូលបក្សសម្ព័ន្ធ។

ដោយឡែក បើនិយាយពីអឺរ៉ុបវិញ ជាពិសេសណាតូ កំពុងជាប់ដៃជួយអ៊ុយក្រែន ប្រយុទ្ធតតាំងជាមួយរុស្ស៉ី ដើម្បីសន្តិសុខរបស់ពួកគេនៅអឺរ៉ុប។ ពួកគេមុខជាជំទាស់ ឬប្រើគ្រប់លទ្ធភាពដើម្បីរារាំងកុំឱ្យសហរដ្ឋអាមេរិក ធ្វើសង្រ្គាមជាមួយចិន ពីព្រោះថា សង្រ្គាមជាមួយចិនផង និងជាមួយរស្ស៉ីផងក្នុងពេលតែមួយវាមិនមែនជាយុទ្ធសាស្រ្តល្អឡើយ។

សម្រាប់ចិនវិញ រឿងដែលសំខាន់គឺចិនដឹងច្បាស់ថា សព្វថ្ងៃយោធារបស់ខ្លួនមិនទាន់អាចតាមទាន់យោធាអាមេរិកឡើយ ហើយបើតាមលោក ស៊ី ជិនពីង កងទ័ពរំដោះប្រជាជនចិន (PLA) ត្រូវរង់ចាំរហូតដល់ឆ្នាំ២០៤៩ឯណោះ ដើម្បីក្លាយជាយោធាលំដាប់ពិភពលោក។ ប៉ុន្តែរឿងដែលពិបាកនៅឆ្នាំ២០៤៩ លោក ស៊ី នឹងមានអាយុជាង១០០ឆ្នាំ ហើយនិយាយឱ្យងាយស្ដាប់នោះគឺថា តើលោក ស៊ី អាចរង់ចាំដល់ពេលនោះទេ? ខណៈរូបលោកផ្ទាល់ធ្លាប់បានអះអាងថាការបង្រួបបង្រួម ជាមួយកោះតៃវ៉ាន់ មិនអាចផ្ទេរពីមួយជំនាន់ ទៅមួយជំនាន់ទៀតទៀត តែក៏មិនអាចពេលនេះដែរ។ បើតាមអតីតមេបញ្ជាការនៃទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក លោក ហ្វីលីប ដាវីដសុន (Philip Davidson) ចិននឹងមានសមត្ថភាពវាយយកតៃវ៉ាន់នៅឆ្នាំ២០២៧ ហើយក្រុមមន្ត្រីអាមេរិក និងតៃវ៉ាន់ក៏បានបង្ហាញក្ដី បារម្ភផងដែរថានៅឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ វានឹងក្លាយជាពេលវេលាដ៏គ្រោះថ្នាក់សម្រាប់តៃវ៉ាន់។

ចិនអាចទ្រាំបានអស់រយៈពេលរាប់សិបឆ្នាំមកហើយ ហេតុអ្វីចិនមិនអាចទ្រាំត្រឹមពេល ៦ ឬ៧ឆ្នាំទៀត។ អ្នកប្រាជ្ញាសង្រ្គាមចិន ស៊ុន អ៊ូ បាននិយាយថា «បើគ្មាន ប្រយោជន៍កុំចេញច្បាំង បើទ័ពមិនខ្លាំងកុំធ្វើសង្រ្គាម»។ ក្នុងពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក នៅតែជាមហាអំណាចយោធាលេខមួយនៅលើពិភពលោក និងនៅ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបើសង្រ្គាមផ្ទុះឡើងមែន ចិនទេ ដែលអាចនឹងប្រថុយបាត់បង់កោះតៃវ៉ាន់ខ្ពស់ជាងអាមេរិក។

បើតាមអ្នកជំនាញភាគច្រើន ចិនពិតជានឹងចាត់វិធានការឆ្លើយតបធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់ តែ វិធានការទាំងនោះនឹងស្ថិតនៅក្រោមលក្ខខណ្ឌដែលអាចគ្រប់គ្រងស្ថានការណ៍បាន មិនឱ្យផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។ វិធានការទាំងនោះ អាចនឹងធ្វើតេស្ដមីស៊ីល ការបញ្ជូនយន្ដហោះចម្បាំងឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ឬអាចបញ្ជូនយន្ដហោះចម្បាំងហោះចូលក្នុងដែនអាកាស តៃវ៉ាន់តែម្ដង ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៤៩មក។ សហរដ្ឋអាមេរិកអះអាងថា តំបន់ច្រកសមុទ្រតៃវ៉ាន់ជាដែនទឹកអន្តរជាតិ ដូច្នេះការបញ្ជូនយន្ដហោះចម្បាំង ឆ្លងកាត់ខែ្សបន្ទាត់កណ្ដាលដែលខណ្ឌចែករវាងចិន និងតៃវ៉ាន់ គឺជាសារមួយដែលចិនចង់ប្រាប់ពិភពលោកទាំងតៃវ៉ាន់ និងច្រកសមុទ្រតៃវ៉ាន់គឺកម្មសិទ្ធិផ្ដាច់របស់ ចិន ហើយចិនចង់ហោះចូល ឬធ្វើអ្វីតាមចិត្ត៕