(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បាននិយាយថា ក្នុងនាមជាមន្រ្តីជាន់ខ្ពស់ទី៣ ក្នុងជួររដ្ឋាភិបាលសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) មានសេរីភាពក្នុងការសម្រេចចិត្ត និងរៀបចំផែនការធ្វើដំណើរដោយខ្លួនឯង ខណៈដែលលោកបានព្រមានប្រទេសចិន កុំឲ្យបង្កើនភាពតានតឹង ប្រសិនបើលោកស្រីប្រធានសភាតំណាងរាស្រ្តអាមេរិក ពិតទៅជាទៅដល់កោះតៃវ៉ាន់ប្រាកដមែននោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូយ៉ក លោក ប្លីនខិន បានគូសបញ្ជាក់ថា «លោកស្រីប្រធានសភាតំណាងរាស្រ្ត នឹងធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ថានឹងទៅកាន់កោះតៃវ៉ាន់ឬអត់។ សភាគឺជាស្ថាប័នឯករាជ្យ ហើយមានអំណាចស្មើនឹងរដ្ឋាភិបាល, និយាយរួមវាគឺជាការសម្រេចរបស់លោកស្រីទាំងស្រុង»

ជាមួយគ្នានេះ លោក ប្លីនខិន បានបន្ទោសទីក្រុងប៉េកាំង ចំពោះការបំផ្លើសជាសាធារណៈអំពីសារៈសំខាន់ នៃដំណើរទស្សនកិច្ចនេះថាជាការបង្ករហេតុ។ ប្រមុខការទូតអាមេរិករូបនេះ ក៏បានបន្ថែមថា ទីក្រុងវ៉ាស៉ីនតោនរំពឹងថា ទីក្រុងប៉េកាំងនឹងធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ ហើយមិនជំរុញឲ្យស្ថានការណ៍កាន់តែឡើងកំដៅ ប្រសិនបើលោកស្រី ផេឡូស៉ី ពិតជាធ្វើទៅកាន់កោះតៃវ៉ាន់មែននោះ។

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ឃឺប៊ី (John Kirby) បានគូសបញ្ជាក់ម្តងហើយម្តងទៀតថា រដ្ឋបាលរបស់លោក ចូ បៃដិន មិនបានចាត់ចែងលើដំណើរទស្សនកិច្ច របស់លោកស្រី ផេឡូស៉ី នោះទេ ដោយហេតុថា សភាគឺជាស្ថាប័នឯករាជ្យ និងបានអះអាងទៀតថា ការធ្វើដំណើររបស់លោកស្រី ក៏មិនបានឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរណាមួយ ចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិកនោះឡើយ៕