(ប៉េកាំង)៖ កម្លាំងយោធារបស់ចិន បាននិងកំពុងបន្តធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរកោះតៃវ៉ាន់ ខណៈតែប៉ុន្មានថ្ងៃមុនប្រធានាធិបតី ស៊ី ជិនពីង ចុះសាកសួរកងទ័ពដើម្បីលើកទឹកចិត្ត នាឱកាសនៃការប្រារព្ធខួបលើកទី៩៥ នៃការបង្កើតកទ័ពរំដោះប្រជាជនចិន (PLA)។ នេះបើតាមប្រភពដែលបណ្តាញព័ត៌មាន Fresh News ទទួលបានព័ត៌មានទីក្រុងប៉េកាំង ចុះផ្សាយនៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។

ព័ត៌មានច្បាស់ការបានឲ្យដឹងថា កាលពីយប់មិញកម្លាំងយោធារបស់ចិន បានបាញ់គ្រាប់ពិតជាច្រើនគ្រាប់ ចេញពីទីតាំងមួយក្នុងខេត្ត Fujian ប្រទេសចិន បាញ់ស្រោចពេញមេឃ ចូលទៅក្នុងសមុទ្រក្បែរកោះតៃវ៉ាន់។

ការបាញ់សាកល្បងគ្រាប់ពិតខាងលើរបស់យោធាចិន ធ្វើឡើងនៅចំពេលមានសេចក្ដីរាយការណ៍ថា ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ត្រូវបានរំពឹងថានឹងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ នៅយប់ថ្ងៃអង្គារនេះ។ យោធាចិនក៏បានព្រមានដែរថាខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់កើតឡើងតាមការគ្រោងទុកមែននោះ។

ដោយឡែក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ សារព័ត៌មានរដ្ឋចិន Global Times ក៏បានចេញរូបភាពជាច្រើនសន្លឹកផងដែរដែលបង្ហាញពីសកម្មភាពបាញ់ គ្រាប់ពិត ក្នុងនោះរួមមានទាំងការធ្វើតេស្ដមីស៊ីល DF-17 ដែលអ្នកជំនាញអះអាងថា ជាប្រភេទមីស៊ីលសម្រាប់នាវាផ្ទុកយន្ដហោះចម្បាំង។ លើសពីនេះទៅទៀត នៅថ្ងៃអង្គារនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា យន្ដហោះចម្បាំងចិនជាច្រើនគ្រឿងបានហោះឆ្វែលនៅក្បែរ តំបន់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា បច្ចុប្បន្ន លោកស្រី ផេឡូស៊ី កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសម៉ាឡេស៊ី ហើយកោះតៃវ៉ាន់, កូរ៉េខាងត្បូង និងជប៉ុនក៏ជាគោលដៅនៃដំណើរទស្សនកិច្ច របស់លោកស្រី នៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ លោកស្រី ផេឡូស៊ី អាចនឹងធ្វើដំណើរទៅដល់តៃវ៉ាន់ នៅយប់ថ្ងៃអង្គារនេះ បើទោះជាមានការព្រមានពីចិនក៏ដោយ៕