(តៃប៉ិ)៖ យន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះទៅក្បែរតំបន់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅព្រឹកថ្ងៃអង្គារនេះ ខណៈមានសេចក្ដីរាយការណ៍ កាន់តែច្រើនថាប្រធានសភាតំណាងរាស្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ត្រូវបានរំពឹងថានឹងបំពេញទស្សនកិច្ចទៅកាន់តៃវ៉ាន់នៅយប់ថ្ងៃអង្គារនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតយន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះឆ្វែលទៅក្បែរតំបន់ ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ចាប់តាំងពីថ្ងៃចន្ទម្សិលមិញមកម្ល៉េះ រីឯតៃវ៉ាន់ក៏បានបញ្ជូនយន្ដហោះចម្បាំងដើម្បីតាមឃ្លាំមើលសកម្មភាពយន្ដហោះចម្បាំងចិន ផងដែរ។ ប៉ុន្តែ ភ្លាមៗ ទាំងខាងក្រសួងការពារជាតិចិន និងតៃវ៉ាន់មិនទាន់ធ្វើអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងព័ត៌មានខាងលើឡើយ។ ខ្សែបន្ទាត់កណ្ដាលនៃ ច្រកសមុទ្រតៃវ៉ាន់ គឺជាតំបន់ទ្រនាប់មួយដែលត្រូវបានបង្កើតឡើង ដើម្បីខណ្ឌចែករវាងចិន និងតៃវ៉ាន់។

គួរបញ្ជាក់ថា លោកស្រី ណាន់ស៊ី ផេឡូស៊ី ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅសិង្ហបុរី មិនទាន់បញ្ជាក់ជាផ្លូវការថាតើលោកស្រីនឹងបំពេញទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ ឬក៏យ៉ាងណានោះទេ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ប្រធានសភាតំណាងរាស្ត្រអាមេរិករូបនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរ ទៅតៃវ៉ាន់នៅថ្ងៃអង្គារនេះ ខណៈយោធាចិនក៏បានព្រមានដែរថានឹងចាត់វិធានការឆ្លើយតប យ៉ាងម៉ឺងម៉ាត់៕