(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាមេដឹកនាំអាល់កៃដា អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កាលពីចុងសប្ដាហ៍កន្លងទៅ ហើយដែលនេះជាការបាត់បង់ធំបំផុតរបស់អាល់កៃដា ចាប់តាំងពីអូសាម៉ា ប៊ីន ឡាដិន (Osama bin Laden) ត្រូវបានសម្លាប់កាលពីឆ្នាំ២០១១មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។

ការប្រកាសទទួលស្គាល់ខាងលើរបស់លោក ចូ បៃដិន កើតមានឡើងបន្ទាប់ពីក្រុមមន្ត្រីអាមេរិកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា សហរដ្ឋអាមេរិក បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសដោយប្រើយន្ដហោះដ្រូន លើគោលដៅនៅក្នុងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្កានីស្ថាន កាលពីព្រឹកម៉ោង ៦៖១៨នាទីព្រឹក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសុន្ទរកថាមួយចេញពីសេតវិមានដូច្នេះថា «ឥលូវនេះ យុត្តិធម៌ ត្រូវបានយកមកវិញហើយ ដោយមេភេរវកររូបនេះក៏ត្រូវបានសម្លាប់ដែរ ហើយយើងនឹងមិនចុះចាញ់ឡើយ»

គួរបញ្ជាក់ថា អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី ដែលធ្លាប់គ្រូពេទ្យវះកាត់ជនជាតិអេហ្ស៊ីបម្នាក់ ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថាជាអ្នកជួយរៀបចំផែនការ វាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានផ្ដាច់ជីវិតមនុស្សជិត ៣,០០០នាក់។ សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ប្រាក់រង្វាន់ដល់ទៅជាង២៥លាន ដុល្លារ សម្រាប់ក្បាលអាល់ហ្សាវ៉ាហ៊ីរី៕