(ប៉េកាំង)៖ ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់តៃវ៉ាន់ផ្ទាល់ សារព័ត៌មានជប៉ុន ក្យូដូ (Kyodo) និងសារព័ត៌មានរុស្ស៉ី ស្ពុតនីគ (Sputnik) នៅថ្ងៃចន្ទ ទី១ ខែសីហានេះ បានចុះផ្សាយថា ប្រធានសភាអាមេរិក លោក ណានស៉ី ផេឡូស៉ី (Nancy Pelosi) អាចនឹងទៅដល់កោះតៃវ៉ាន់ នៅថ្ងៃអង្គារសប្តាហ៍នេះ។

ប្រភពដដែលបានអះអាងថា ក្រោយពេលទៅដល់តៃវ៉ាន់ នៅកំលុងវេលាយប់ថ្ងៃអង្គារ លោកស្រី ផេឡូស៉ី នឹងជួបជាមួយមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃបន្ទាប់គឺថ្ងៃពុធ។ កំលុងទស្សនកិច្ចនោះ ប្រធានសភាអាមេរិករូបនេះ ក៏ត្រូវគេរំពឹងថា នឹងជួបជាមួយ ក្រុមមន្រ្តីតៃវ៉ាន់ដទៃទៀតផងដែរ មុនពេលចាកចេញពីតៃវ៉ាន់ ក្នុងថ្ងៃពុធដដែល។ យ៉ាងណាក្តី ពាក់ព័ន្ធនឹងដំណឹងនេះ ក្រសួងការបរទេសតៃវ៉ាន់ បានសុំមិនធ្វើការអត្ថាធិប្បាយអ្វីឡើយ។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ លោកស្រី ផេឡូស៉ី កំពុងបំពេញទស្សនកិច្ច នៅឯប្រទេសសិង្ហបុរី ខណៈវាជាកិច្ចចាប់ផ្តើម នៃដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់តំបន់អាស៉ី ដែលរួមមានប្រទេស៣ទៀត គឺម៉ាឡេស៉ី កូរ៉េខាងត្បូង និងជប៉ុន។ បើតាមកាលវិភាគ លោកស្រីត្រូវបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅសិង្ហបុរី នៅថ្ងៃចន្ទ-អង្គារ។ ហេតុដូច្នេះ ប្រសិនបើសេចក្តីរាយការណ៍ខាងលើពិតមែននោះ បានន័យថាលោកស្រី នឹងឆ្ពោះទៅកាន់តៃវ៉ាន់តែម្តង ក្រោយចាកចេញពីសិង្ហបុរី។

ដោយឡែក ជុំវិញលទ្ធភាពនៃដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី ទៅកាន់តៃវ៉ាន់នេះ គឺទីក្រុងប៉េកាំងចេញមុខព្រមានធ្ងន់ៗ ម្តងហើយម្តងទៀត ប្រសិនបើលោកស្រី ពិតជាហ៊ានធ្វើយ៉ាងដូច្នោះមែននោះ ដ្បិតប្រទេសចិនចាត់ទុកដែនកោះនេះ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន៕