(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា មនុស្ស២នាក់បានបាត់បង់ជីវិត និង២នាក់រងរបួស នៅពេលធ្នឹមស្ពានអាកាសមួយកន្លែង ស្ថិតក្នុងស្រុកមួង (Muang) នៃខេត្តសាមុតសាខន (Samut Sakhon) ក្បែររាជធានីបាងកក បានបាក់ចុះមកលើផ្លូវនៅខាងក្រោម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។

ហេតុការណ៍ខាងលើបានកើតឡើង នៅក្បែរចំណុចគីឡូម៉ែត្រលេខ៣៤ នៃផ្លូវហាយវ៉េ រាមាទី២ (Rama II Highway) ទល់មុខនឹងមន្ទីរពេទ្យ វីបហារ៉ាម សាមុតសាខន (Vibharam Samutsakhon Hospital) នាវេលាម៉ោងប្រហែល ៨៖៣០នាទីយប់។ យោងតាមសេចក្តីរាយការណ៍របស់ Bangkok Post ធ្នឹមស្ពានដែលមានប្រវែង១០ម៉ែត្រ និងទម្ងន់ប្រមាណជា៥តោន បានធ្លាក់ត្រូវចំលើ រថយន្តម៉ាក Chevrolet ១គ្រឿង និងរថយន្ត ភីកអាប់ ១គ្រឿង។

ស្រ្តីដែលជិះនៅកៅអីអ្នកដំណើរផ្នែកខាងមុខ ក្នុងរថយន្ត Chevrolet បានបាត់បង់ជីវិត ខណៈអ្នកបើកបរ បានទទួលរងរបួស។ ចំណែក មនុស្ស៥នាក់ ដែលធ្វើដំណើរក្នុងរថយន្ត ភីកអាប់ គឺបានរួចខ្លួនពីការរងរបួស ដ្បិតធ្នឹមស្ពានធ្លាក់ត្រូវចំតែកំណាត់ខាងមុខ របស់រថយន្តប៉ុណ្ណោះ។ ជាមួយគ្នានេះ បុរស២នាក់ ជាកម្មករធ្វើការងារជួសជុលនៅលើស្ពាន ក៏បានរងរបួសដែរ ក្នុងនោះម្នាក់របួសធ្ងន់ រហូតដល់បាត់បង់ជីវិត។

គួរបញ្ជាក់ថា គ្រោះថ្នាក់ខាងលើបានជំរុញឱ្យអាជ្ញាធរថៃ បិទកំណាត់ផ្លូវដែលរងការប៉ះពាល់ ជាបណ្តោះអាសន្ន ដោយសារក្តីបារម្ភថា សំណង់ស្ពានអាកាសនោះ ហាក់មិនមានសុវត្ថិភាព សម្រាប់ការធ្វើចរាចរណ៍កាត់ពីក្រោមទៀតឡើយ។ ស្ពានអាកាសដែលមានចំណាស់២៩ឆ្នាំនោះ ត្រូវបាននាយកដ្ឋានផ្លូវហាយវ៉េថៃ បិទដើម្បីធ្វើការជួសជុល តាំងតែពីថ្ងៃទី២៣ ខែមិថុនា មក។ ការងារជួសជុលត្រូវបានគ្រោងថា នឹងចប់រួចរាល់នៅចុងខែសីហានេះ៕