(វែលីងតោន)៖ ចាប់ពីថ្ងៃចន្ទនេះតទៅ ប្រទេសនូវែលសេឡេង់ បានចាប់ផ្តើមបើកព្រំប្រទល់របស់ខ្លួនឡើងវិញទាំងស្រុង សម្រាប់អ្នកដំណើរអន្តរជាតិ តាមរយៈការដកចេញវិញ នូវចំណាត់ការរឹតត្បិតសេសសល់ចុងក្រោយបំផុត ដែលត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។

នូវែលសេឡង់បានចាប់ផ្តើម ការបើកព្រំដែនរបស់ខ្លួនជាជំហានដំបូង កាលពីខែកុម្ភៈ ឆ្នាំនេះ ជាមួយការលុបចោល ការរឹតត្បិតលើ ពលរដ្ឋនូវែលសេឡង់ផ្ទាល់។ បន្ទាប់មក កាលពីខែឧសភា នូវែលសេឡង់ក៏បានបើកទទួល ភ្ញៀវទេសចរមកពីប្រទេសជាង៥០ រួមមានទាំងសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស តាមរយៈការលើកលែងទិដ្ឋាការ។

សម្រាប់ចំណាត់រឹតត្បិតព្រំប្រទល់ចុងក្រោយ ត្រូវបានបញ្ចប់កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទនេះ ដោយភ្ញៀវទេសចរ មកពីប្រទេសដែលមិនទទួលបាន ការលើកលែងទិដ្ឋាការ, សិស្ស-និស្សិតអន្តរជាតិ ហើយនិងកប៉ាល់ទេសចរណ៍ គឺត្រូវបានអនុញ្ញាតឱ្យចូលក្នុង ប្រទេសនូវែលសេឡង់វិញបានហើយ។

គួរបញ្ជាក់ថា អ្នកដំណើរភាគច្រើន នឹងនៅតែត្រូវចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យបានរួចរាល់ ហើយត្រូវធ្វើតេស្តចំនួន២លើក ក្រោយមកដល់នូវែលសេឡង់ ក៏ប៉ុន្តែនឹងមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កទៀតឡើយ។ មុនពេលកូវីដ១៩ ផ្ទុះឡើង វិស័យទេសចរណ៍ និងវិស័យអប់រំអន្តរជាតិ បានចូលរួមចំណែកធំបំផុត នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសនូវែលសេឡង់៕