(វ៉ាស៉ីនតោន)៖ គ្រោងឆ្អឹងសត្វដាយណូស័រមួយក្បាលអម្បូរ ហ្គ័រហ្កោស័ររឺស (Gorgosaurus) ដែលធ្លាប់មានជីវិតរស់នៅលើផែនដី កាលពីខ្ទង់៧៧លានឆ្នាំមុន ត្រូវបានលក់តាមរយៈការដេញថ្លៃ ក្នុងតម្លៃជាង៦លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

ក្រុមហ៊ុនដេញថ្លៃអាមេរិក សូថេប៊ី (Sotheby's) បានឱ្យដឹងថា គ្រោះឆ្អឹងដ៏ចំណាស់ខាងលើ ដែលត្រូវបានរកឃើញនៅក្នុងរដ្ឋ ម៉ុនតាណា (Montana) នៃសហរដ្ឋអាមេរិក នៅឆ្នាំ២០១៨ ទើបតែត្រូវបានលក់ចេញក្នុងតម្លៃជិត ៦.០៧លានដុល្លារ ក្នុងផ្នែកនៃព្រឹត្តិការណ៍ដេញថ្លៃ វត្ថុប្រវត្តិសាស្រ្តធម្មជាតិរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

បើតាមការពិពណ៌នា នៅលើវែបសាយរបស់ក្រុមហ៊ុន Sotheby's សត្វដាយណូស័រខាងលើ គឺអម្បូរដាយណូស័រ ហ្គ័រហ្កោស័ររឺស តែមួយគត់ ដែលអាចដាក់លក់សម្រាប់កម្មសិទ្ធិឯកជនបាន ខណៈអម្បូរ ហ្គ័រហ្កោស័ររឺស ភាគច្រើនផ្សេងទៀត គឺត្រូវបានរកឃើញនៅឯប្រទេសកាណាដា ដែលមានច្បាប់នាំចេញតឹងរ៉ឹង និងហាមឃាត់ឱ្យមានការដាក់លក់ជាលក្ខណៈជនឯក បែបនេះឡើយ។

គួរបញ្ជាក់ថា គ្រោងឆ្អឹងនោះមានកម្ពស់ជិត៣ម៉ែត្រ និងប្រវែងជិត៦.៧ម៉ែត្រ។ សត្វដាយណូស័រ ហ្គ័រហ្កោស័ររឺស នេះ ធ្លាប់រស់នៅលើ ផែនដីកាលពីខ្ទង់៧៧លានឆ្នាំមុន ក្នុងតំបន់ដែលសព្វថ្ងៃ គឺជាតំបន់ភាគខាងលិចនៃទ្វីបអាមេរិកខាងជើង។ ដោយឡែក នេះពុំមែនជាលើកទីមួយឡើយ ដែលគ្រោងឆ្អឹងដាយណូស័រ ត្រូវបានដាក់លក់ដេញថ្លៃយ៉ាងដូច្នេះ។ កាលពីឆ្នាំ២០២០ គ្រោងឆ្អឺងដាយណូស័រអម្បូរ T-rex ដែលជាប់ខ្សែសណ្តានរបស់ ហ្គ័រហ្កោស័ររឺស ផងដែរនោះ ត្រូវបានលក់ក្នុងតម្លៃបំបែកកំណត់ត្រា គឺដល់ទៅ ៣១ .៨លានដុល្លារ៕