(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃសុកនេះថា ប្រទេសចិននឹងបន្តឡើងវិញនូវ ការចេញទិដ្ឋាការ ដល់ប្រទេសអាហ្វហ្គានីស្ថាន ចាប់ពីថ្ងៃទី១ ខែសីហា ហើយអនុញ្ញាតឱ្យ ៨៨% នៃទំនិញរបស់អាហ្វហ្គានីស្ថាន អាចនាំចូលដោយគ្មានការបង់ពន្ធ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសចិន បានឲ្យដឹងថា លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសចិន បានប្រកាសពីវិធានការនេះ កំលុងពេលជួបជាមួយ ប្រមុខការទូតរបស់រដ្ឋាភិបាលតាលីបង់ នៅឯប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ លោក វ៉ាង បានប្រាប់រដ្ឋមន្ត្រីការបរទេសស្តីទីអាហ្វហ្កានីស្ថាន លោក ខាន់ ម៊ូតាគី (Khan Muttaqi) ថាប្រទេសចិនគាំទ្រដល់ ការពង្រីកច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន បានធ្លាក់ចូលទៅក្នុងភាពស្រពិចស្រពិល បន្ទាប់ពីការកាន់កាប់របស់ពួកតាលីបង់ ដោយទុនបម្រុងដែលគ្រប់គ្រងដោយបរទេស របស់ធនាគារកណ្តាលត្រូវបានបង្កក។ រីឯ ទីក្រុងវ៉ាស៊ីនតោន និងម្ចាស់ជំនួយផ្សេងទៀតបានបញ្ឈប់ការផ្តល់ជំនួយ ហើយសហរដ្ឋអាមេរិកបញ្ចប់ការចែកចាយរូបិយប័ណ្ណរឹង។ យ៉ាងនេះក្តី ចិនមិនទាន់ទទួលស្គាល់ រដ្ឋាភិបាលតាលីបង់ជាផ្លូវការ នៅឡើយទេ៕