(កៀវ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃសុក្រនេះ បានអះអាងថា អ៊ុយក្រែនបានប្រើប្រព័ន្ធផ្លោងគ្រាប់រ៉ុក្កែត HIMARS របស់អាមេរិក បាញ់ចំត្រូវពន្ធនាគារមួយកន្លែង ដែលស្ថិតក្នុងទឹកដីកាន់កាប់ដោយក្រុមផ្តាច់ខ្លួន នៅភាគខាងកើតប្រទេស ហើយជាលទ្ធផលបង្កឱ្យ ឈ្លើយសឹកដែលជាអ្នកប្រយុទ្ធអ៊ុយក្រែនផ្ទាល់ចំនួន ៤០នាក់ បានបាត់បង់ជីវិត និងបណ្តាលឱ្យ៧៥នាក់ផ្សេងទៀត ទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ី បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះថា «ការវាយប្រហារមីស៉ីលមកពីប្រព័ន្ធ HIMARS ត្រូវបានធ្វើឡើងចំលើមន្ទីរឃុំឃាំង នៅទីតាំងមួយក្នុងតំបន់ ដូណេត (Donetsk) ជាកន្លែងដែលឈ្លើយសឹក នៃទាហានអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំង ក្រុមអ្នកប្រយុទ្ធ អាហ្សូវ ផងដែរ ត្រូវបានឃុំខ្លួន មុនពេលឡើងតុលាការ»

យោងតាមការអះអាងរបស់ មេដឹកនាំក្រុមផ្តាច់ខ្លួននៅតំបន់ Donetsk ពន្ធនាគារខាងលើ ដែលស្ថិតនៅក្នុងក្រុងជួរមុខ អូឡេនីវកា (Olenivka) ផ្ទុកឈ្លើយសឹកសរុបចំនួន ១៩៣នាក់។ ចាប់តាំងពីរុស្ស៉ីបានគ្រប់គ្រងទីក្រុង ម៉ារីយូប៉ូល (Mariupol) មក អ្នកប្រយុទ្ធអ៊ុយក្រែនជាច្រើននាក់ ក្នុងនោះរួមមានទាំងក្រុម អាហ្សូវ ត្រូវបានបញ្ជូនទៅកាន់ក្រុង អូឡេនីវកា ក្នុងនាមជាអ្នកទោសសង្រ្គាម ក្រោយការទម្លាក់អាវុធចុះចាញ់របស់ពួកគេ។

គួរបញ្ជាក់ថា ខាងអ៊ុយក្រែនមិនទាន់ចេញមុខ ធ្វើការអត្ថាធិប្បាយជុំវិញការអះអាងរបស់ ក្រសួងការពារជាតិរុស្ស៉ីនៅឡើយទេ៕