(ឡុងដ៏)៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉ាឡេស (Ben Wallace) ដែលជាសមាជិកដ៏មានប្រជាប្រិយបំផុត ម្នាក់នៅក្នុងជួររដ្ឋាភិបាល នាថ្ងៃសុក្រនេះ បានផ្តល់ការគាំទ្រចំពោះ លោកស្រី លីស ត្រាស់ (Liz Truss) ឲ្យក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ របស់ប្រទេសអឺរ៉ុបមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

លោក វ៉ាឡេស បានប្រាប់កាសែត ដឺ ថែមស៍ (The time) ឲ្យដឹងថា យោងតាមការស្ទង់មតិរបស់សមាជិក នៃគណបក្សអភិរក្សនិយម ដែលកំពុងកាន់អំណាច តាមការពិតនិងនិយាយដោយត្រង់ទៅ គឺលោកស្រី ត្រាស់ កំពុងស្ថិតក្នុងផ្លូវនាំមុខ ដើម្បីយកឈ្នះលើគូរប្រជែង លោក រីស៉ី ស៊ូណាក់ ( Rishi Sunak) អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់អង់គ្លេស។

លោក វ៉ាឡេស បានគូសបញ្ជាក់ថា «ខ្ញុំធ្លាប់បានធ្វើការងារជាមួយលោកស្រី ទាំងនៅក្នុងគណៈរដ្ឋមន្ត្រី, កិច្ចប្រជុំទ្វេភាគី និងកិច្ចប្រជុំកំពូលអន្តរជាតិ, លោកស្រីពិតជាមានសមត្ថភាព ហើយសំខាន់ជាងនេះទៅទៀត លោកស្រីនិយាយត្រង់ និងមានន័យដូចអ្វីដែលបាននិយាយ»

គួរបញ្ជាក់ថា លោក បេន វ៉ាឡេស ក៏បានឆ្លៀតរិះគន់លោក ស៊ូណាក់ ផងដែរ សម្រាប់ការលាលែងពីតំណែង ជារដ្ឋមន្រ្តីហិរញ្ញវត្ថុ របស់នាយករដ្ឋមន្រ្ដី លោក បូរីស ចនសុន (Boris Johnson) កាលដើមខែកក្កដានេះ ដែលបានជួយបង្កជារលក នៃការលាលែងពីតំណែងជាបន្តបន្ទាប់ ដោយមន្រ្តីរដ្ឋាភិបាលសំខាន់ៗផ្សេងទៀត ហើយនាំទៅរកការប្រកាសចុះចេញពីតំណែង របស់លោក Johnson តែម្តង៕